អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចាប់ផ្តើមបទឈប់បាញ់ជាផ្លូវការរយៈពេល ៤ថ្ងៃនៅព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះ ដោយចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប នឹងត្រូវដោះលែងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

បទឈប់បាញ់នាពេលនេះ គឺ​ជា​ការ​បន្ធូរបន្ថយដ៏​ធំ​លើក​ដំបូង​ក្នុង​រយៈពេល​ ៧សប្តាហ៍​នៃ​សង្រ្គាម​ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​រាប់​ពាន់​នាក់។

បន្ទាប់ពីការចរចាដ៏យូរដើម្បីស្វែងរកបទឈប់បាញ់មនុស្សធម៌ ការផ្អាកបានចាប់ផ្តើមនៅម៉ោង៧ព្រឹក ថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) ដោយសំឡេងកាំភ្លើងដែលបានផ្ទុះឡើងចាប់តាំងពីការវាយឆ្មក់ដោយក្រុមហាម៉ាស ចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា បានស្ងប់ស្ងាត់។

ទន្ទឹមនោះ នៅម៉ោង ៤រសៀលនេះ ចំណាប់ខ្មាំងក្រុមដំបូងដែលក្រុមហាម៉ាសឃុំខ្លួននៅតំបន់ហ្គាហ្សា រួមមាន ស្ត្រី និងកុមារ ១៣នាក់ នឹងត្រូវបានដោះលែង នេះបើយោងតាមអ្នកសម្រុះសម្រួលកាតា។

ក្នុងរយៈពេល ៤ថ្ងៃនេះ យ៉ាងហោចណាស់ ចំណាប់ខ្មាំង ៥០នាក់ត្រូវបានគេរំពឹងថា នឹងត្រូវបានដោះលែងដោយបន្សល់ទុកចំណាប់ខ្មាំងត្រឹម ១៩០នាក់ទៀត នៅក្នុងដៃរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ក្នុងរយៈពេលដូចគ្នានេះដែរ អ្នកទោសប៉ាឡេស្ទីន ១៥០នាក់ត្រូវបានគេរំពឹងថា នឹងត្រូវបានដោះលែងជាថ្នូរដូចគ្នា ហើយជំនួយមនុស្សធម៌បន្ថែម ក៏នឹងដឹកចូលតំបន់ហ្គាហ្សាផងដែរ។

សូមជម្រាបថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានសម្លាប់ជីវិតជនស៊ីវិល ក្មេងចាស់ ប្រុសស្រី និងទាហាន ជាច្រើននាក់ រួមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដែលបណ្ដាប្រទេសមួយចំនួន រួមទាំងអង្គការសហប្រជាជាតិ មានការព្រួយបារម្ភដ៏ធំធេងចំពោះការខាត់បង់ និងអាចធ្លាក់ចូលទៅក្នុងជម្លោះរយៈពេលវែងដូចរុស្ស៊ី និងអ៊ុយក្រែនដែរ៕

ប្រភព៖ CNA

Share.