ក្លិប​បាល់ទាត់​វិសាខា នឹង​ត្រូវ​បើក​ទ្វាកីឡាដ្ឋាន​ព្រីនេ៍ ដើម្បី​ស្វាគមន៍​ក្រុម​របស់​ណាហ្គាវើលដ៍ ក្នុង​ជំនួន​ជុំ​ទី២ សប្ដាហ៍​ទី១១ នៅ​ថ្ងៃទី២៥ វិច្ឆិកា វេលាម៉ោង ៦:០០នាទីល្ងាច នៃពានរង្វាន់​លីគកំពូល​កម្ពុជា Cambodian Premier League 2023-2024។

មុនជំនួប​មក​ដល់គ្រូជំនួយក្លិប​បាល់ទាត់​វិសាខា លោក Daryl Martin Willard បាន​បង្ហាញ​ចំណាប់អារម្មណ៍មុន​ជំនួប​ប៉ះ​ណាហ្គាវើល​ថា៖ ​«ការប្រកួតថ្ងៃស្អែក គឺជាជំនួបដ៏លំបាកមួយ ដោយសារណាហ្គាវើលដ៏ មាន​ការ​ផ្លាស់​ប្ដូរសមាជិកថ្មីមួយចំនួន ។ ខ្ញុំដឹងថា ពួកគេគឺជាក្រុមគ្រោះថ្នាក់មួយ ហើយ​ពួក​គេ​កំពុង​រៀប​ចំខ្លួន​បាន​យ៉ាងល្អ សម្រាប់ការប្រកួតនេះ ។ ប៉ុន្ដែពួកយើងក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ និង​ប្រកួត​ប្រជែងជាមួយពួកគេ ។ ខ្ញុំនឹងព្យាយាមដឹកនាំក្រុមធ្វើឲ្យបានល្អ ជាពិ​សេស​បង្កើតឱកាស​ស៊ុត​បញ្ចូល​ទីឲ្យបានច្រើន»។

ដោយឡែក​សម្រាប់គ្រូបង្វឹក​របស់​នាហ្គាវើលដ៍​លោក ឃឹម បូរី បាន​លើកឡើង​ថា៖ «ខ្ញុំពិត​ជា​រីករាយ​ដែល​យើង​បាន​សម្រាក​ចំនួន​៣សប្ដាហ៍​ ដូច​នេះ​ការ​ប្រកួត​ដែល​ត្រឡប់​មក​វិញ វា​ជាការ​ប្រកួត​មួយ​ដ៏​ល្អ និង​សំខាន់​ ក៏​ដូច​ជាជំនួប​ដ៏តានតឹងសម្រាប់​យើង​ដោយ​ការ​ប្រកួត​កន្លង​មក​យើង​ធ្វើ​មិន​បាន​ល្អ។ បើ​និយាយ​ពី​កីឡាករ​វិញ យើង​បាន​ត្រៀង​ផ្លាស់​ប្ដូរ រួម​ទាំង​កីឡាករ​បរទេស »។

ក្រៅ​ពីជំនួប​រវាង​វិសាខា ប៉ះ​ណាហ្គាវើលដ៍ នៅ​ថ្ងៃនេះ​ដែរ​ក៏​មាន​ជំនួប​ដ៏​ជក់​ចិត្ត​ ២គូ​ផ្សេង​ទៀត គឺ​ក្លិប​បាល់ទាត់​ខេត្តព្រៃវែង ជួប​ជា​មួយ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋានខេត្តព្រៃវែង វេលាម៉ោង ៣:៣០នាទីរសៀល និង​មួយ​គូទៀតគឺ ភ្នំពេញ​ក្រោម ជួប​ជា​មួយ​ព្រះខ័នរាជស្វាយ​រៀង នៅ​កីឡដ្ឋាន ស្មាត អអេសអិន វេលាម៉ោង ៦:០០នាទីល្ងាច៕

Share.