បុរសម្នាក់បានរងបួសធ្ងន់ដោយសារត្រូវជនសង្ស័យម្នាក់កាប់នៅពេលកំពុងតែនិយាយលេងជាមួយប្រពន្ធរបស់ជនសង្ស័យនៅ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៣ នៅវេលាម៉ោងជិត៨យប់។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គួយ ដានី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

ជនសង្ស័យមានឈ្មោះ ភិន វិរៈ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ក្រោយកាប់ទៅលើជនរងគ្រោះរួចមក ជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបានឲ្យដឹងថា   នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះ ឈ្មោះ គួយ ដានី បានត្រឡប់មកពីដើរលេងជាមួយប្រពន្ធរបស់ជនសង្ស័យឈ្មោះ ធី ធីតា អាយុ២៥ឆ្នាំ ដែលមានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ បន្ទាប់មក ឈ្មោះ ធី ធីតា បានបបួលហៅជនរងគ្រោះឲ្យទៅលេងផ្ទះរបស់ខ្លួន នៅ ពេលទៅដល់ផ្ទះ បាននាំគ្នាអង្គុយនិយាយគ្នាលេងនៅលើបង់ថ្ម នៅខាងមុខផ្ទះ។ ភ្លាមនោះស្រាប់តែឃើញជនសង្ស័យឈ្មោះ ភិន វិរះ ដែលត្រូវជាប្តីរបស់ឈ្មោះ ធី ធីតា បានដើរចូលមកដល់ ហើយបានទាញយកកាំបិតប៉័ងតោយកមកកាប់ទៅលើជនរងគ្រោះឈ្មោះ គួយ ដានី ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង។

ឃើញដូចនោះឈ្មោះ ធី ធីតា បានរត់ចូលទៅជួយចាប់ឃាត់ដែរ ប៉ុន្តែជនសង្ស័យនៅតែមិនព្រមឈប់ធ្វើសកម្មភាពនោះទេ។ ក្រោយមកបានបន្តិចឈ្មោះ ធី ធីតា បានរត់ស្រែកឲ្យអ្នកភូមិ ដែលរស់នៅជិតខាងនោះឲ្យមកជួយចាប់ឃាត់ជនសង្ស័យ។ 

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានដឹងខ្លួនក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្ដង។ ក្រោយមកបានបន្តិចបងប្អូនសាច់ញាតិរបស់ជនរងគ្រោះបានមកដល់ហើយបាន ដឹកបញ្ជូនជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

ចំពោះករណីកើតហេតុខាងលើនេះ សមត្ថកិច្ចយើងកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យខាង លើ យកមកចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖តាខ្មៅ

Share.