កម្មករឥណ្ឌាទាំង៤១នាក់ ត្រូវបានទទួលស្វាគមន៍ដោយការអបអរសាទរ បន្ទាប់ពីក្រុមជួយសង្រ្គោះបាននាំមនុស្សទាំងអស់នេះចេញពីផ្លូវក្រោមដីនៃតំបន់ភ្នំហិមាល័យ ដែលបាក់រលំឃុំពួកគេអស់រយៈពេល១៧ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

កម្មករទាំងអស់ដែលជួយសង្រ្គោះ ត្រូវបានស្វាគមន៍ជាវីរៈបុរស បន្ទាប់ពីបាននាំចេញតាមបំពង់ដែកប្រវែង៥៧ម៉ែត្រ ដែលគេបំពាក់កង់ពិសេស ចុះចូលតាមរូងភ្នំខាងលើ។

បើតាមព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយថា ពួកគេទាំងអស់ បានធ្វើវាដោយសុវត្ថិភាព និងបានចេញពីរូងក្រោមដី ដែលកំពុងសាងសង់ក្នុងរដ្ឋហិម៉ាឡៃយ៉ាន នៃរដ្ឋ Uttarakhand ជាកន្លែងដែលពួកគេត្រូវបានឃុំឃាំងចាប់តាំងពីការដួលរលំកាលពីថ្ងៃទី១២ ខែវិច្ឆិកា។

ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីរដ្ឋ Uttarakhand លោក Pushkar Singh Dhami បញ្ជាក់ថា «សុខភាពរបស់កម្មករគឺមិនមានបញ្ហាអ្វីទេ​ ដោយមានក្រុមគ្រូពេទ្យនៅនឹងកន្លែង បានវាយតម្លៃសុខភាពពួកគេភ្លាមៗ ក្រោយការជួយសង្គ្រោះ ប្រព្រឹត្តទៅដោយជោគជ័យ»។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្រ្តី Narendra Modi បានប្រាប់កម្មករនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ភាពក្លាហាន និងការអត់ធ្មត់របស់ពួកគេ កំពុងបំផុសគំនិតមនុស្សរាល់គ្នា»។

សូមជម្រាបថា ឧប្បត្តិហេតុបាក់រលំផ្លូវហាយវ៉េក្រោមដី នៅឥណ្ឌា បានកើតឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយមានការខិតខំប្រឹងប្រែងជួយសង្រ្គោះពីអាជ្ញាធរជាច្រើនលើកច្រើនសារ ដោយសារជួបប្រទះនូវភាពស្មុគស្មាញនៅតំបន់នោះ៕

ប្រភព៖ CNA

Share.