សិល្បៈជាតិ៖ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ គណនី​តិកតុក (Tiktok) ផ្លូវ​ការ​របស់​កាសែត​កូរ៉េ​ល្បី​គឺ​ Dispatch បាន​បង្ហោះ​រូប​ភាព​ប្រុស​ស្អាត​ Joshua Hong សមាជិក​ក្រុម​ចម្រៀង ​ Seventeen ខណៈ​កំពុង​ ធ្វើ​ដំណើរ​ទៅ​​ព្រលាន​យន្ត​ហោះ​ ប៉ុន្តែ​បើ​គ្រាន់​តែ​រូប​ភាព​ បុរស​សង្ហា​​ និង​ Fashion របស់គេ​ប៉ុណ្ណឹង មិន​ធ្វើ​ឱ្យ​កូន​ខ្មែរ​ជ្រួល​ជ្រើម​នោះ​ឡើយ​ បើសិន​មិន​មាន​​បញ្ចូល​ចម្រៀង​ Call Me Papa អមជាមួយ​នឹង​បារ៉ូល​ចម្រៀង​បាញ់​ស្នេហ៍​ ទៅក្នុង​នោះ​។ រាល់​ដង​កូន​ខ្មែរ​រមែង​មាន​ក្ដី​​រំភើប​ដែល​បរទេស​លើក​យកអ្វី​ដែល​ជា​ខ្មែរ​ទៅ​ប្រើ​ប្រាស់​ ព្រោះ​វា​គឺជា​ចំណែក​មួយ​ជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ ពិសេស​តាម​រយៈ​​វិស័យ​សិល្បៈ​​​ យ៉ាងណា​មិញ​លើក​នេះ​ កូន​ខ្មែរ​មួយ​ភាគ​ធំ ហាក់​ដូច​ជា​មិន​មាន​មោទនភាពទៅវិញ​ នៅ​ពេល​ដឹងថា​កាសែត​ល្បី​របស់​កូរ៉េ Dispatch​ បាន​លើក​យក​បទ​ចម្រៀង​របស់​ផលិត​កម្ម​ Galaxy Navatra ទៅ​ប្រើ​ប្រាស់។

មែនទែន​ទៅ​បទ​ចម្រៀង​ Call Me Papa ដែល​បារ៉ូល​ចម្រៀង​ត្រង់​ «កាន់ឆ័ត្រចេញ​ពីរ៉ូលរយ ភ្លៀងធ្លាក់​មកសុទ្ធតែ​ក្រដាសមួយ​រយ ឃើញខ្លាដេក​កុំ​ថា​ចេតរ៉យ អង្គរក្ស២​នាក់​នៅ​ពីក្រោយ​ អូៗ ស្ទាវបងមិនខ្វះ​ក្រដាស៥០ អាចទេស៊ីញូរីតា ចុះឈ្មោះ​ធ្វើ​ជា​សង្សារ ព្រោះ​បេះដូង​កំពុង​តែ​រះ​ដូច​ជា​អាកា ទុសៗ ទុសៗ បាញ់ស្នេហ៍ ទុសៗ ទុសៗ កំពុង​តែ​បាញ់​ស្នេហ៍» ត្រូវ​បាន​អ្នក​លេង​តិកតុក​ កាត់​យក​ទៅ​លេង​និងចែក​ចាយលើ​បណ្ដាញ​តិកតុកកន្លង​មក​ មាន​ច្រើន​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​ ប៉ុន្តែ​បើ​មើល​លើ​​​មតិ​វិញ​ បទ​ចម្រៀង​នេះ​ទទួល​រងនូវ​ពាក្យ​រិះគន់​ច្រើន​ជាង​សរសើរ​។ ដូច​ជា​កាល​ពី​ថ្ងៃ​ទី​១២ និង១៤ ខែវិច្ឆិកាកន្លង​​មក​នោះ​ឧកញ៉ា ខេមរៈ សិរីមន្ត​បានបង្ហោះវីដេអូ​ ព្រម​ទាំង​ភ្ជាប់​ Caption ខ្លី​ថា Call me Papa និង អាហារពេលល្ងាចបែបអ្នក​កីឡាណាបាទ ប៉ុន្តែ​អ្នក​ចូល​មក​ខមមិន​ម្នាក់​ៗ​បាន​ប្រើ​ពាក្យ​អសុរស​ជា​ច្រើន​ និង​មាន​អ្នក​ខ្លះ​បាន​ទាំង​ដៀល​ឧកញ៉ា​រូប​នេះ​​កប់​ៗ​ថែម​ទៀត​។

ថ្វី​ត្បិត​មាន​អ្នក​រិះគន់​ច្រើន​ក្ដី​ក៏​មាន​អ្នក​លើក​ទឹក​ចិត្ត​ និង​លើក​សរសើរ​លោក​ថែម​ទាំង​និយាយ​ទៀត​ថា បើ​បទ​នេះ​មិន​ពីរោះ​មិន​មែន​ផ្ទុះ​ល្បី​ត្រូវ​គេ​​យក​មក​លេង​ពេញ​តិកតុក​នោះ​ឡើយ​។ ងាក​មក​រឿង​ Dispatch យក​ចម្រៀង​នេះ​ទៅ​ប្រើ​ក្នុង​គណនី​ខ្លួន​វិញ​ ត្រូវ​បាន​កូន​ខ្មែរ​មួយ​ភាគ​បាន​ចូលទៅ​ Comment ពាក្យ​គាំង​សឹង​តែ​គ្រប់​ៗ​គ្នា​ ដោយ​ម្នាក់​ៗ​ មិន​បាន​បង្ហាញ​នូវ​មោទនភាព​ ឬ​ក៏​ពាក្យ​ណា​មួយ​បញ្ជាក់​ពី​ក្ដី​រីករាយ​របស់​ខ្លួន​នោះ​ឡើយ​។

ត្បិត​រង​ពាក្យ​រិះគន់​ច្រើន​ក្ដី ប៉ុន្តែ​អ្នក​ដែល​គាំទ្រ​ និង​មើល​ឃើញ​សុទិដ្ឋិនិយម​បាន​លើក​ឡើង​ថា​ ​ទោះ​ជា​មិន​សូវ​ពេញ​ចិត្ត​ក្ដី​ប៉ុន្តែ​កូន​ខ្មែរ​យើង​មិន​គួរ​ចូល​ទៅ​ខមមិន​នៅ​លើ​គណនី​បរទេស​ហើយ​វាយ​ប្រហារ​តារាចម្រៀង​ខ្មែរ​ខ្លួន​ឯង​នោះ​ឡើយ​ ព្រោះ​វា​គឺជា​ការ​បើក​ដៃ​ឱ្យ​បរទេស​ឆ្លៀត​ឱកាស​មក​ជាន់​ពន្លិច​សិល្បៈ​វប្បធម៌​ខ្មែរ​ ចំណែក​អ្នក​ខ្លះ​ទៀត​ ក៏​លើក​ឡើង​ពី​កង្វល់​ដែល​មើល​ឃើញ​កូន​ខ្មែរ​និយម​ប្រើប្រាស់​អក្សរ​ឡាតាំង​សរសេរ​ជា​សំនៀង​ខ្មែរ ដែល​វា​អាច​ធ្វើ​ឱ្យ​ភាសា​ខ្មែរ​ដែល​កំពុង​តែ​ស្ថិត​ក្នុង​វិការ​ភាព​ផង​នោះ​កាន់តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ​។

គួរ​ដឹង​ថា​បទ​ចម្រៀង​ «Call Me Papa» ឬ​អ្នក​ទូទៅច្រើន​ហៅ​ថា​ «បាញ់​ស្នេហ៍​» នេះ​គឺជា​បទ​ចម្រៀង​ស្ថិត​ក្នុង​ផលិត​កម្ម Galaxy Navatra ដែល​ជា​ទឹក​ដៃ​​និពន្ធ​ទំនុក​ច្រៀង​និង​ទំនុក​ភ្លេង​ដោយ​ Songha Group និង​និពន្ធ​ទំនុក​បទ​ភ្លេង​ដោយ​ Songha។ បទ​ចម្រៀង​នេះ​បាន​ចេញ​នៅ​លើ​ Youtube កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា មាន​ចំនួន​ទស្សនា​រហូត​ដល់​ជាង​១.៣M ហើយ​៕

Share.