ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូFZមួយគ្រឿង លឿនលឿន ជ្រុលកៀរខឿនចិញ្ចើមផ្លូវ ដួលរងរបួសធ្ងន់ សន្លប់ស្តូក ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវចោមចៅ ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឡាយ ប៊ុនហៀង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បើកបររថយន្ត ក្រុមហ៊ុនឯកជន មានទីលំនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ក្រោយបញ្ចប់ម៉ោងការងារ ជនរងគ្រោះជួបជុំគ្នាផឹកសុី រហូតដល់ស្រវឹង ជិះម៉ូតូ ម៉ាកFZ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BI-5551 ធ្វើដំណើរពីលិចទៅកើត បំណងឆ្ពោះទៅផ្ទះ លុះដល់ចំណុចកើតហេតុ ជ្រុលកៀរខឿនចិញ្ចើមផ្លូវ បណ្តាលឱ្យដួលរងរបួសធ្ងន់ សន្លប់ស្តូក ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ រងចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ ៕

អត្ថបទ៖ ត្រយងតូច

Share.