កណ្តាល ៖ បុរសម្នាក់បាក់កស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តFord កំពុងចតឈប់ស្ងៀមចិញ្ចើមផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ខាងលើមានឈ្មោះ ទី គីណាល់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1T-5022 ជាមធ្យោបាយ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូលឿន ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ រថយន្តFord ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-3136 ដែលចតឈប់ពីត្បូងទៅជើង មានម្ចាស់អ្នកបើកបរ ឈ្មោះ មាស ភិរុណ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ទំនាក់ទំនងទៅក្រុមគ្រួសារ ចាត់ចែងទទួលយកសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.