ក្រុមជម្រុះជាតិសាសន៍ ២២ប្រទេស​ចូលរួមរត់​ប្រណាំង​បែប​ទេសចរណ៍​វប្បធម៌​បុរាណ​ប្រវត្តិ​សាស្ត្រ​ចម្ងាយ ២២០ គីឡូម៉ែត្រ មានខេត្តកំពង់ធំ ខេត្តព្រះវិហារ និង ខេត្តសៀមរាប ដោយ​ចាប់​ពី​ខេត្ត​កំពង់​ធំ កាល​ពី​​ព្រឹក​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ។

លោក ស្តេហ្វេន ប៊ែតហ៊្សែល Stefan Betzelt ជនជាតិអាល្លឺម៉ង់ (German) ដឹក​នាំក្រុម​ការងារ​រត់​ប្រ​ណាំង​ចម្ងាយ ២២០ គីឡូ​ម៉ែត្រ​ដោយ​ចាប់​ផ្ដើម​ពី​ទី​រួម​ខេត្ត​កំពង់ធំ​ឆ្លង​កាត់​ខេត្ត​ព្រះ​វិហារ​និង​បញ្ចប់​នៅលើទឹកដីសៀមរាបអង្គរ ដែលមានកីឡាកររត់ប្រណាំងចម្រុះជាតិសាសន៍ទាំងអស់ (The runners) ចំនួន ២២ ប្រទេស។

លោក ស្តេហ្វេន ប៊ែតហ្សែល (Stefan Betzelt) បាន​លើក​ឡើង​ថា​​៖ «ពិតជា​មាន​សេចក្តី​សោម​នស្ស​រីករាយក្រៃលែងដែល​បានចូលរួមនៅក្នុងក្រុមរត់​ប្រណាំង​ចម្រុះ​ជាតិ​សាសន៍​នេះ​ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់ផ្លូវបូរាណដែលពោពេញទៅដោយរមណីយដ្ឋានវប្បធម៌ ទី​កន្លែង​ប្រវត្តិសាស្រ្ត​តំបន់​ប្រាសាទ​អច្ឆរិយៈ រមណីយដ្ឋានទឹកធ្លាក់នានា និង​ដោយ​មាន​ការស្វាគមន៍​ពី​បង​ប្អូន​ប្រជាជន​កម្ពុជា​យ៉ាង​ច្រើន​កុះ​ករទៀតផង»។

លោកបានបន្តថា៖ សម្រាប់ខេត្តកំពង់ធំគឺធ្វើដំណើរលើផ្លូវប្រវែង ៣២ គីឡូ​ម៉ែត្រ​ដោយ​ចេញ​ពីម៉ោង ៧:០០នាទី នៅចំណុចវត្តក្រពើចាស់ភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ដល់​ភូមិ​វាល​ថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។

លោកបានបន្ថែម​ថា៖ នេះគឺជាលើកទី ១០ នៃការត្រឡប់មកវិញរបស់លោកតាមរយៈក្រុមហ៊ុន Global Limit ហើយ​អ្វីដែល​ធ្វើលោក​ដក់​ជាប់​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​ទី​កន្លែងវប្បធម៌បុរាណ រមណីយដ្ឋានប្រវត្តិសាស្ត្រ ព្រមទាំង​តំបន់​អច្ឆរិយៈ​ផ្សេងៗ​ទៀត​ដែល​បាន​បង្ហាញ​អំពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរសម័យមុន។

លោកបានលើកឡើង​បន្ថែមទៀតថា៖ ការរត់​ប្រណាំង​នេះ​គឺបាន​ឆ្លងកាត់​ផ្លូវ​បុរាណ​គ្រប់ច្រក​ល្ហក​ព្រម​ទាំង​ឆ្លង​កាត់ភូមិឃុំឆ្ងាយៗដែលអ្នកភូមិខ្លះសឹងតែមិនដែលស្គាល់ជនជាតិបរទេសផង ហើយ​បាន​ចូល​រួម​អបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅទៀតផង។ មិន​តែប៉ុណ្ណោះ​លោក​នឹងខិត​ខំ​ផ្សព្វ​ផ្សាយ​និងគៀងគរដល់សមាជិក​ក្រុម​អ្នករត់ប្រណាំង​ទាំង​ក្នុង​ស្រុក​និងក្រៅ​ស្រុក​ឲ្យចូល​រួមគាំ​ទ្រឱ្យ​បាន​ផុសផុលដើម្បីលើកស្ទួយ​ការ​រត់​ប្រណាំង​បែប​ទេសចរណ៍​វប្បធម៌​មក​កាន់​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើនឡើងៗសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

ហើយក្តីប្រាថ្នារបស់លោក គឺចង់​ឱ្យប្រ​ជា​ជន​កម្ពុជា​រស់​នៅ​ក្នុងសុខ​សន្តិភាព​ព្រម​ទាំង​សិក្សា​ស្វែង​យល់​បន្ថែម​ទៀតអំពីតំបន់ប្រវត្តិសាស្រ្តវប្បធម៌បុរាណនានា ដែល​មានសារៈ​សំខាន់​បំផុត​និង​ជា​ព្រលឹង​ជាតិខ្មែរ​ដ៏រុង​រឿង​ព្រមទាំង​ចូល​រួម​បណ្ដុះបណ្ដាល​និងបង្ហាត់​បង្រៀន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ព្រមទាំង​ជួយ​ថែរក្សាការពារ​សម្បត្តិ​វប្បធម៌​បូរាណ​ប្រវត្តិសាស្ត្រ​នេះ​ឱ្យបាន​គង់​វង្ស​ជារៀង​រហូត៕

Share.