សិល្បៈ​ជាតិ​៖ កំពូល​តារា​សម្ដែង​ស្រី​ដ៏​ល្បី​និង​ពេញ​និយម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ កំពុង​ត្រៀម​ខ្លួន​ក្លាយ​ជា​តារា​ស្រី​ខ្មែរ​ដំបូង​គេ​បង្អស់​បង្ហាញ​វត្តមាន​កិត្តិយស​នៅ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ដ៏​ធំ​របស់​ប្រទេស​អារ៉ាប់ប៊ីសា​អូឌីត​គឺ​ REDSEA INTERNATIONAL FILM FESTIVAL 2023។

កម្មវិធី​ដែល​តារា​សម្ដែង​ ស៊ីន យូប៊ីន នឹង​ទៅ​ចូលរួម​នេះ​បាន​រៀបចំ​ឡើង​រយៈ​ពេល​១០​ថ្ងៃ​ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដោយ​តារា​សម្ដែង​ជួរ​មុខ​របស់​​​​កម្ពុជា​រូប​នេះ​​នឹង​បង្ហាញ​វត្តមាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣​។

កម្មវិធីមហោស្រព​ភាពយន្ត​ដ៏ធំ​មួយ​នៅ​លើ​ពិភពលោក​ ដែល​កំពូល​តារា​សម្ដែង​ដ៏​មាន​ប្រជា​ប្រិយ​របស់​កម្ពុជា​ទៅ​ចូលរួម​នេះ​ ក៏​មាន​វត្តមាន​ចូលរួម​ពី​តារា​សម្ដែងភាពយន្ត​ ពីអាស៊ី អឺរ៉ុប និង​ហូលីវូដ​ល្បី​មក​ជួប​ជុំ​គ្នា​ជា​ច្រើន​កុះ​ករ​ផង​ដែរ​ ​មាន​ដូច​ជា​ Sharon Stone, Naomi Campbell, Halle Berry, Johnny Depp, Leonardo DiCaprio, Sofia Vergara, Mai Davikah, Apo Nattawin, Milephakphum ជា​ដើម​។

កម្មវិធី​ REDSEA INTERNATIONAL FILM FESTIVAL គឺជា​អង្គភាព​ឯករាជ្យ​​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ ដែល​បង្កើត​ឡើង​ដើម្បី​ គាំទ្រ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​ និង​ផ្ដល់​នូវ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ និង​គន្លឹះ​ផលិត​ភាពយន្ត​​។ ជា​រៀង​រាល់​ឆ្នាំ​ កម្មវិធី​មហោស្រព​ដែល​មាន​រយៈ​ពេល​១០​ថ្ងៃ​នេះ នឹង​ផ្ដល់​វេទិកា​ឱ្យ​អ្នក​ផលិតភាពយន្ត​ទាំង​ថ្មី និង​ចាស់​ បាន​ជួប​គ្នា​ ដើម្បីជជែក ប្រឹក្សា និង​សិក្សា​ស្វែង​យល់​ពី​គ្នា​ទៅវិញ​ទៅ​មក​ដើម្បី​ផលិត​បាន​ស្នាដៃ​មួយ​ដ៏​មាន​គុណភាព​។

ត្បិត​​ការ​ទទួល​បាន​នូវ​កិត្តិយស​ដ៏​ឧត្តុងឧត្តម​ក្នុង​នាម​ជា​សិល្បការិនី​ល្បី​របស់​កម្ពុជា​ទៅ​ចូលរួម​ក្នុង​មហោស្រព​ដ៏​ធំ​ REDSEA INTERNATIONAL FILM FESTIVAL 2023 គឺជាលើក​ទីមួយ​ក្ដី​ តែ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​សម្រាប់​កញ្ញា​ ស៊ីន យូប៊ីន សម្រាប់​ការ​បង្ហាញ​វត្តមាន​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ ព្រោះ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២៣ ​អ្នក​គាំទ្រ​នៅ​ចាំ​បាន​ថា​កញ្ញា​ក៏​ធ្លាប់​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​នៅ​ក្នុង​មហោស្រព​​ភាពយន្តទីក្រុងកាន លើកទី៧៦​ ​នា​ប្រទេស​បារាំងផង​ដែរ​៕

Share.