នៅព្រឹកថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព​កោះ​ពេជ្រ។

ក្នុងពិធីនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានផ្តល់អនុសាសន៍ទាំង ៨ចំណុច សម្រាប់បន្តជំរុញការលើកកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជា។

អនុសាសន៍ទាំង ៨ចំណុចនោះ រួមមាន៖

ទី១៖ ត្រូវបង្កើនការធ្វើវិនិយោគទុនលើជនមានពិការភាព និង បន្តកសាងធនធានជនមាន ពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និង រស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជាដោយសមធម៌ មានឱកាសប្រកួតប្រជែង ទាំងនៅក្នុងប្រទេស តំបន់ និង សកលលោក ។

ទី២៖ គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ពាក់ព័ន្ធ និង វិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង មូលនិធិជនពិការ ក្នុងការបន្តពង្រឹងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីការកសាងសមត្ថភាព និង ការអភិវឌ្ឍ ធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវទេពកោសល្យ ការច្នៃប្រឌិតរបស់ជនមានពិការភាព ដែលជាធនធានមួយដ៏សំខាន់ មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។

ទី៣៖ គ្រប់ក្រសួងស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និង វិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាព នៅទីកន្លែងសាធារណៈ និង ឯកជននានា ស្របតាមច្បាប់ស្តីពីកិច្ចលើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ។

ទី៤៖ គ្រប់ក្រសួង-ស្ថាប័ន និង វិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និង សមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬ កម្មសិក្សាការី ជាដើម ។

ទី៥៖ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និង ដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាព ឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមាន ចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនមានពិការភាព ។

ទី៦៖ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និង ទូរទស្សន៍របស់រដ្ឋ និង ឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មានបង្កើនម៉ោងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដោយមាន ការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាពគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា ។

ទី៧៖ ក្រសួងសាធារណការនិងដឹកជញ្ជូន និង ក្រសួងសុខាភិបាល រួមគា្នធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរ ស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត ។

ទី៨៖ គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ពាក់ព័ន្ធ និង វិស័យឯកជន បន្តពង្រឹងការអនុវត្តច្បាប់ និង លិខិតបទដ្ឋានគតិយុត្តដែលមាន ស្រាប់ និងបន្តចូលរួមជាគំនិតផ្តួចផ្តើមបន្ថែមលើកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ៕

Share.