ពោធិ៍សាត់៖ ឧបករណ៍នេសាទខុសច្បាប់មួយចំនួនត្រូវបានកងកម្លាំងសហការចុះរុះរើដកហូតបំផ្លាញចោលក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទព្រមគ្នាក្នុងភូមិសាស្ត្របីស្រុកជាប់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី 2 ខែធ្នូឆ្នាំ 2023ចុងសប្តាហ៍ នេះ។


លោកភុំវិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បញ្ជាក់ឲ្យដឹងថា ជាលទ្ធផលប្រតិបត្តិការខាងលើនេះកងកម្លាំងសមត្ថកិច្ចបានដកហូតនិងបំផ្លាញចោល របាំងស្បៃមុងចំនួន 13 ខ្សែ ប្រវែង 1.700 ម៉ែត្រ លូកងស្បៃមុងចំនួន 25 មាត់ បង្គោលចំនួន 530 ដើម ចាក់លែងត្រីចម្រុះ 30 គីឡូក្រាម នៅចំណុចទឹកល្អក ក្នុងភូមិព្រែក ឃុំរាំងទិលស្រុកកណ្ដៀង និងចំណុចព្រែកក្អមសំណរ ក្នុងភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន។ ដោយឡែកក្នុងភូមិសាស្ត្រភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរឯណេះវិញ កម្លាំងសមត្ថកិច្ចបានដកហូតឧបករណ៍ប្រភេទឈ្នក់រួមផ្សំប្រើភ្លើងចំនួន 2 វង់ អាគុយមួយគ្រឿង អាំងវិចទ័រចំនួន 3 គ្រឿង ខ្សែភ្លើងនិងខ្សែរួមផ្សំមួយចំនួន។
លោកបញ្ជាក់បន្ថែមថាប្រតិបត្តិការខាងលើនេះធ្វើឡើងដោយកម្លាំងជំនាញជលផល ផ្នែក សង្កាត់ ក្នុងដែនគ្រប់គ្រងរបស់ខ្លួនប្រចាំស្រុកទាំងបី សហការជាមួយកម្លាំងយោធាខេត្ត កងកម្លាំងកងរាជអាវុធហត្ថស្រុកខេត្ត ប្រើប្រាស់កម្លាំងសរុបចំនួន 22 នាក់ មធ្យោបាយកាណូតចំនួន 5 គ្រឿង។


លោកបានរំលេចឲ្យដឹងផងដែរថា មន្ត្រីជំនាញរបស់លោកជាពិសេសថ្នាក់ដឹកនាំខេត្តឯកឧត្តមខូយរីដា តែងតែចុះផ្សព្វផ្សាយអប់រំពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់បណ្ដាសហគមន៍ មូលដ្ឋានទាំងអស់ដែលពឹងអាស្រ័យលើមុខរបរនេសាទអំពីការប្រើប្រាស់ឧបករណ៍ដែលល្មើសនិងឧបករណ៍ស្របច្បាប់ឱ្យពួកគាត់បានយល់ដឹងផងដែរ។

ក្នុងន័យនេះ លោកនាយខណ្ឌ ក៏សូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់វីតាចូលរួមថែរក្សាការពារនិងអភិរក្សធនធានមច្ឆាជាតិយើងបាននៅគង់វង្សត៍ទៅមុខទៀតដោយគ្រាន់តែនាំគ្នាប្រើប្រាស់ឧបករណ៍នេសាទទាំងឡាយ ណាដែលច្បាប់បានអនុញ្ញាតនិងមិនប្រើប្រាស់ឧបករណ៍នេសាទទាំងឡាយណាដែលបង្កគ្រោះមហន្តរាយដល់ធនធានមច្ឆាជាតិយើងនិងកុំកាប់បំផ្លាញព្រៃលិចទឹកជាជម្រកត្រីពងកូននោះជាការស្រេច។ចំពោះកងកម្លាំងសមត្ថកិច្ចវិញលោកបានជំរុញឱ្យបង្កើនការចុះទប់ស្កាត់បង្ក្រាបឲ្យដូចភ្លៀងរលឹមផងដែរទើបមានប្រសិទ្ធភាព៕

អត្ថបទ៖ ពោធិ៍សាត់

Share.