ក្រុម​ហ៊ុន​សាងសង់​ចិន​ដែល​ទទួល​សាងសង់​​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ នឹង​ប្រគល់​ឱ្យ​កម្ពុជា កីឡដ្ឋាន​ថ្មី​សន្លាង​មួយ​នេះ​ឱ្យ​កម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នេះ ដើម្បី​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា​ តាម​ការរៀបចំ​របស់​គណៈកម្មាធិការ​វាយ​តម្លៃ​​ឃើញ​ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវ​បាន​សាងសង់​រួច​ហើយ​ ជា​ពិសេស​ខាង​ក្នុង​កីឡាដ្ឋាន​ធំ ដែល​ជា​ជំនួយ​ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន គឺ​បាន​ចប់​សព្វ​គ្រប់​ហើយ​ នៅ​តែ​ការ​សម្អាតខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ ។

សំណង់​និង​រចនាបទ​ទាំង​មូល រៀបចំ​រួចរាល់អស់ហើយទាំងការបំពាក់កៅអី ការដាំស្មៅ ទីលាន​បាល់ទាត់ បន្ទប់សណ្ឋាគារ កន្លែងលក់អីវ៉ាន់ បំពាក់ភ្លើង រចនាភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធសំឡេង គឺសម្រេចរួចរាល់ហើយ នៅតែការសម្អាតប៉ុណ្ណោះ។ បន្ថែមពីនោះទៀត ចុងក្រោយ​ការ​រៀបចំ​ធ្វើ​កំណត់​ត្រាប្រវត្តិសាស្រ្តនៃការសាងសង់ ធ្វើ​ជា​ផ្ទាំង​សិលាធំៗ ដែល​បាន​ឆ្លាក់​នៅ​ប្រទេស​ចិន រួច​រាល់​ហើយ​ត្រៀមនឹងដឹកមកកម្ពុជា ។

ឯកឧត្តម វ៉ាត់ ចំរើន ថ្លែង​ថា៖«​អ៊ីចឹង​នៅ​ថ្ងៃទី១៥ ខែ សីហា​នេះ​ ខាង​ភាគី​ចិន​នឹង​ផ្តល់​ឱ្យ​មក​គណៈកម្មាការជាតិអូឡាំពិកកម្ពុជា ដើម្បី​ចាប់​ផ្តើម បន្ត​ការថែរក្សា ថែទាំ​និង​ជួសជុល​ ខណៈ​ដែល​ភាគី​ចិន​នៅតែបន្តជួយក្នុងការថែរក្សាផងដែរ»។ លក្ខណៈ​ពិសេស​ នៃ​ពហុកីឡដ្ឋាន​ជាតិ​នេះ​ត្រូវ​បាន​បំពាក់​ដែក​ធំៗនៅលើដំបូល ហើយ​ដែក​នេះ​អាចឱ្យយើងបំពាក់ ភ្លើងនិងកាំមេរ៉ា ផងដែរ​ ហើយ​ដែក​នៅ​លើ​ដំបូល​នេះ អាចឱ្យមនុស្សដើរលើដែកនេះរាប់សិបនាក់បានទៀតផង។ ដូច្នេះ​មិន​មាន​បញ្ហា​ចោទ​ក្នុង​ការ​ផ្តិតយករូបភាពនោះទេ។

គម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលមានទីតំាងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ មាន​ទំហំ​ផ្ទៃដី​ជាង​៨៥ហិកតានេះ ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១៦០លាន​ដុល្លារ​ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន គឺ​ដើម្បី​ត្រៀម​សម្រាប់​រៀបចំការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ ២០២៣ខាងមុខនេះ ដែល​កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់ផ្ទះ ហើយពហុកីឡដ្ឋានជាតិមរតកតេជោនេះ ក៏អាច​ផ្ទុក​អ្នក​ទស្សនា​បាន​រហូត​ដល់​ប្រមាណ​ជាង​៦ម៉ឺននាក់៕

Telegram-Troryorng
Share.