ភ្លៀងធ្លាក់យ៉ាងខ្លាំងបានលិចផ្លូវនៅភាគខាងត្បូងប្រទេសឥណ្ឌា​ នាថ្ងៃអង្គារ សប្ដាហ៍នេះ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៩នាក់រួមទាំងកុមារម្នាក់ត្រូវបានសម្លាប់ដោយសារទឹកជំនន់ និងការបំផ្លិចបំផ្លាញជាច្រើនម៉ោងមុនពេលព្យុះស៊ីក្លូនដ៏ខ្លាំងក្លា ខិតជិតមកដល់ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

ការិយាល័យអាកាសធាតុរបស់ប្រទេស បាននិយាយថា ព្យុះស៊ីក្លូន Michaung ត្រូវបានគេរំពឹងថា នឹងបោកបក់មកលើឆ្នេរសមុទ្រនៃរដ្ឋ Andhra Pradesh នៅម៉ោងប្រហែល ១១ព្រឹក ថ្ងៃអង្គារ នេះ (ម៉ោងក្នុងស្រុក) ដោយបានមានកម្លាំងខ្យល់បក់បោករហូតដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។

ការិយាល័យអាកាសធាតុបាននិយាយថា ផ្នែកខ្លះនៃរដ្ឋត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់ច្រើនជាង ២០០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងខាងមុខ ហើយយ៉ាងហោចណាស់មនុស្ស ៨,០០០នាក់ត្រូវបានជម្លៀសចេញ។

ទន្ទឹមនោះ នាយកប្រតិបត្តិនៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ បាននិយាយថា ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់បានស្លាប់នៅក្នុងស្រុក Tirupati បន្ទាប់ពីជញ្ជាំងអគារបានបាក់រលំ ខណៈមនុស្ស ៨នាក់ទៀត បានស្លាប់នៅក្នុងរដ្ឋ Tamil Nadu។

ជំនន់ទឹកភ្លៀងនេះបានជនលិចផ្លូវថ្នល់ រថយន្ដ និងកន្លែងសំខាន់ៗជាច្រើនទៀត រហូតមានការប្រកាសពីការបិទអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ឥណ្ឌា បណ្ដោះអាសន្ន ផងដែរ។

ដោយឡែក អ្នកនាំពាក្យក្រសួងអាកាសចរណ៍ស៊ីវិលសហព័ន្ធ បាននិយាយថា ភ្លៀងបានរាំង ហើយទឹកចាប់ផ្ដើមស្រកនៅអាកាសយានដ្ឋាន Chennai ហើយអាកាសយានដ្ឋានបានដំណើរការចាប់ពីម៉ោង ៩ព្រឹក នេះតទៅ (ម៉ោងក្នុងស្រុក)។

ក្រុមមន្ត្រីបាននិយាយថា ភ្លៀង និងខ្យល់ក៏បានបំផ្លិតបំផ្លាញខ្សែភ្លើង និងដើមឈើ ហើយរថភ្លើងជាង១៤០ខ្សែ និងជើងហោះហើរចំនួន៤០ ត្រូវបានលុបចោលនៅក្នុងរដ្ឋ Andhra Pradesh ។

ស្របពេលជាមួយគ្នា អាជ្ញាធរនៅក្នុងរដ្ឋទាំង២ កំពុងប្រកាសអាសន្នកម្រិតខ្ពស់ ដោយបានជម្លៀសប្រជាជនរាប់ពាន់នាក់ដែលរស់នៅតាមតំបន់ឆ្នេរ និងបានចេញការព្រមានដល់អ្នកនេសាទ កុំឱ្យចេញដំណើរទៅសមុទ្រ។

សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៥ ទឹកជំនន់នៅរដ្ឋ Tamil Nadu បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩០នាក់ និងបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ៕

ប្រភព៖​ CNA

Share.