ក្លិប​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Cambodian Premier League 2023-24) នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក Simon McMenemy គ្រូ​បង្វឹក​ជនជាតិ​ស្កុតឡែន ក្រោយ​រួមរស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​៣២៧​ថ្ងៃ។

លោក Simon McMenemy ត្រូវ​បាន​ក្លិប​វិសាខា ប្រកាស​​តែងតាំង​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២៣ ស្រប​ពេល​ដែល​លោក​មាន​អម្រែក​ចំនួន៣​សំខាន់ៗ​ក្នុង​អាជីព​លើ​ទឹកដី​កម្ពុជា ដោយ​ក្នុង​នោះ​ដឹកនាំ​ក្រុម​ចូលរួម​ប្រកួត​ពានរង្វាន់ Cambodian League Cup 2023, ពានរង្វាន់ Cambodian Super Cup 2023 និង​ពានរង្វាន់ Cambodian Premier League 2023-24។

យ៉ាងណាក្តី​ក្រោមការ​ដឹកនាំ​របស់​​បុរស​វ័យ​​៤៦​ឆ្នាំ​រូប​នេះ ក្រុម​វិសាខា បាន​របូត​ពានរង្វាន់​ចំនួន​២​រួច​បាន​ហើយ ក្នុង​នោះ​មាន​ពានរង្វាន់ Cambodian League Cup 2023, ពានរង្វាន់ Cambodian Super Cup 2023។

នៅ​ក្នុង​ពានរង្វាន់​ Cambodian League Cup 2023 ក្រុម​វិសាខា ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ថ្វី​ដៃ​ក្រុម​ណាហ្គាវើល ក្រោយ​មិន​ចាញ់​ទាល់​តែ​សោះ​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។ ក្នុង​ចំណោម​៨​ប្រកួត នៃ​បេសកកម្ម​ដើម​ឆ្នាំ​២០២៣ នេះ ក្រុម​វិសាខា ទាត់​បញ្ជូល​ទី​គូ​ប្រកួត​បាន​១៧គ្រាប់ និង​របូត​វិញ​​៤គ្រាប់។

លទ្ធផល​សរុប​ក្នុង​ពានរង្វាន់ Cambodian League Cup 2023 របស់​ក្រុម​វិសាខា ដឹកនាំ​ដោយ​លោក Simon McMenemy៖
*ប្រកួត​ទី១ ក្នុង​ពូល A វិសាខា ២-១ ព្រៃវែង អេហ្វស៊ី
*ប្រកួត​ទី២ ក្នុង​ពូល A បឹងកេត ០-៣ វិសាខា
*ប្រកួត​ទី៣ ក្នុង​ពូល A វិសាខា ២-០ គិរីវង់សុខសែនជ័យ
*ប្រកួត​ទី៤ ក្នុង​ពូល A កងយោធពលខេមរភូមិន្ទ ០-៣ វិសាខា
*ប្រកួត​ទី៥ ក្នុង​ពូល A កោះកុង អេហ្វស៊ី ០-១ វិសាខា
*ប្រកួត​ទី៦ ក្នុង​ពូល A វិសាខា ៥-១ អគ្គិសនីកម្ពុជា
*ប្រកួត​ទី៧ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី១ ណាហ្គាវើលដ៍ ១-០ វិសាខា
*ប្រកួត​ទី៨ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី២ វិសាខា ១-១ ណាហ្គាវើលដ៍

ដោយ​ឡែក​ចំពោះ​ពានរង្វាន់​ទី២ គឺ Cambodian Super Cup 2023 ដែល​មាន​តែ​ក្រុម​២​ប៉ុណ្ណោះ មាន​សិទ្ធិ​ចូលរួម​ប្រកួត​ប្រជែង ដោយ​ទី១ ក្រុម​ភ្នំពេញក្រោន ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់ Cambodian Premier League ឆ្នាំ​ចាស់ និង​ក្រុម​វិសាខា ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់ Hun Sen Cup ឆ្នាំ​ចាស់។ ពានរង្វាន់​នេះ​​បង្កើត​ឡើង​ដើម្បី​ត្រៀម​រដូវកាល​ថ្មី ដោយ​អត្ថន័យ​មិន​ខុស​ពី​ពាន FA Community Shield របស់​អង់គ្លេស, Supercoppa Italiana របស់​អ៊ីតាលី, Supertaça Cândido de Oliveira របស់​ព័រទុយហ្គាល់, Trophée des Champions របស់​បារាំង, Supercopa de España របស់​អេស្ប៉ាញ ជាដើម។

ជា​លទ្ធផល​ក្រុម​ភ្នំពេញក្រោន បាន​បន្ត​យក​ឈ្នះ​ក្រុម​វិសាខា ដោយ​លទ្ធផល​ ២-១ ដូច​កាល​ពី​ពេល​ក្រុម​ទាំង​២ ប៉ះ​គ្នា​ក្នុង​រដូវកាល​ឆ្នាំ​២០២២ ដែរ។ ការ​របូត​ពាន ឆ្នាំ​ទី២​នេះ ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ ១៣០១៦ នាក់។

ចំពោះ​​ការ​ប្រកួត​លើ​វិថី​នៃ​ការ​ប្រជែង​ពាន​ក្នុង​ក្របខណ្ឌ Cambodian Premier League វិញ លោក Simon McMenemy របូត​កៅអី​ត្រឹម​សប្ដាហ៍​ទី១២ ក្រោយ​ប្រកួត​បាន​​១២​លើក ឈ្នះ​៧លើក ស្មើ​២​លើក និង​ចាញ់​៣លើក។ លទ្ធផល​របស់​វិសាខា ក្រោម​ការ​ដឹកនាំ​របស់​លោក Simon McMenemy ចំនួន​១២​សប្ដាហ៍​មក​នេះ​មាន៖

*សប្តាហ៍​ទី១ វិសាខា ២-០ គីរីវង់សុខសែនជ័យ
*សប្ដាហ៍​ទី២ ណាហ្គាវើល ១-៤ វិសាខា
*សប្ដាហ៍​ទី៣ វិសាខា ៤-០ ISI ដង្កោសែនជ័យ
*សប្ដាហ៍​ទី៤ បឹងកេត ៤-២ វិសាខា
*សប្ដាហ៍​ទី៥ វិសាខា ០-១ ភ្នំពេញក្រោន
*សប្ដាហ៍​ទី៦ វិសាខា ០-១ ព្រះខ័នរាជស្វាយរៀង
*សប្ដាហ៍​ទី៧ វិសាខា ២-០ Tiffy Army FC
*សប្ដាហ៍​ទី៨ វិសាខា ២-១ អង្គរថាយហ្គឺរ
*សប្ដាហ៍​ទី៩ ព្រៃវែង ០-២ វិសាខា
*សប្ដាហ៍​ទី១០ គីរីវង់សុខសែនជ័យ ០-២ វិសាខា
*សប្ដាហ៍​ទី១១ វិសាខា ១-១ ណាហ្គាវើល
*សប្ដាហ៍​ទី១២ ISI ដង្កោសែនជ័យ ១-១ វិសាខា

តើ​គ្រូ​បង្វឹក​ថ្មី​រូប​ណា នឹង​មក​ចូល​ជំនួស​លោក Simon McMenemy ដើម្បី​បញ្ចប់​រដូវកាល​ឆ្នាំ​២០២៣-២៤ ដែល​នៅ​សល់​​១៥​សប្ដាហ៍​នៃ​វគ្គ​សន្សំ​ពិន្ទុ​ទាំង​៣​ជុំ?

Share.