ការប្រកួតកីឡា ចំបាប់ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ក្រុមកីឡាចំបាប់កម្ពុជា ដណ្ដើម បានមេដាយ ចំនួន ១៤គ្រឿង ក្នុងថ្ងៃដំបូង កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

សម្រាប់ថ្ងៃបើកឆាក នៃព្រឹត្តិការណ៍ កីឡាចំបាប់ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ប្រកួត​លើ​ប្រភេទ​អាយុក្រោម ១៧ឆ្នាំបុរស-នារីប៉ុណ្ណោះ ដែលមានវិញ្ញាសាសរុបចំនួន ២៤។

ក្នុងដំណើរការប្រកួតពេញ ១ថ្ងៃ ក្រុមកីឡាចំបាប់ យុវជនកម្ពុជា ឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាង មេដាយបណ្ដោះអាសន្ន ក្រោយដណ្ដើម បានមេដាយសរុប ១៤គ្រឿង (មាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៧) ខណៈវៀតណាម ឈរកំពូលតារាង ដណ្ដើម បានមេដាយ ច្រើនជាងគេសរុប ២៤គ្រឿង (មាស ១៩ និងប្រាក់ ៥) និងថៃ ឈរលេខ២ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១)។

ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានប្រទេស ០៦ ចូលរួមប្រកួត ចាប់ផ្តើមពីថ្ងៃទី៦ ដល់ទី៩ ខែធ្នូ ឆ្នាំ២០២៣៕

Share.