បន្ទាយមានជ័យ៖ រយៈពេល ១១ខែ ឆ្នាំ២០២៣នេះ ខេត្តបន្ទាយមានជ័យ បានបោសសម្អាតមីនលើផ្ទៃដី ៦,៩៧៥ហិកតា រកឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ២,៨៦២គ្រាប់ និងរងគ្រោះមនុស្សរបួសធ្ងន់ស្រាល៥នាក់។ នេះបើតាមការឱ្យដឹងរបស់អាជ្ញាធរមីន បន្ទាប់ពីការចុះហត្ថលេខាព្រមព្រៀងហិរញប្បទាន ជាមួយប្រទេសណូវែលហ្សេឡង់ ដែលធ្វើនៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា នៅក្នុងខេត្តបន្ទាយមានជ័យ មាន៩ស្រុក /ក្រុង ដែលជាប់ព្រំដែនប្រទេសថៃ ដែលមានផ្ទៃដីប្រវែង១៥៣គីឡូម៉ែត្រ ពិសេសនោះខេត្តបន្ទាយមានជ័យជាខេត្តជួរមុខនាសម័យសង្គ្រាម ដែលបន្យល់ទុកគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ នៅក្នុងខេត្តបន្ទាយមានជ័យ រយៈពេល ១១ខែ ឆ្នាំ២០២៣នេះ មានចម្ការមីនសរុបចំនួន១,១៥០ ពហុកោណ ផ្ទៃដីសរុប ៦,៩៧៥ហិកតា ការគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមាន៥ករណីបណ្តាលជនរងគ្រោះរងរបួសធ្ងន់ស្រាល៥នាក់ និងខូចខាតគ្រឿងចក្ររ៉ូឡូកិនដី១គ្រឿង។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា សម្រាប់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល (CFR.IV) និង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន រវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលហ្សេឡង់ ឃើញលទ្ធផលដែលទទួលបានរយៈពេលតែ១១ខែ ឆ្នាំ២០២៣នេះ ខេត្តបន្ទាយមានជ័យ រកឃើញយុទ្ធភ័ណមិនទាន់ផ្ទុះមានចំនួន២,៨៦២គ្រាប់ ត្រូវបានកំទិចចោល ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំពីសម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំប្រទេសមានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ៕

អត្ថបទ៖ បន្ទាយមានជ័យ

Share.