ភ្នំពេញ ៖ ស្ត្រីម្នាក់ស្រែកទ្រហោយំបោកខ្លួន ក្រោយពីបាត់កូនស្រីចំនួន៣ថ្ងៃ លុះស្វែងរកឃើញ តាមរយៈធំក្លិនស្អុយ បើកបង្ហើបបង្អួចមើល ទើបប្រទះឃើញកូនស្រី សង្ស័យឃាតករជាសង្សារ រឹតក វាយសម្លាប់ហើយ លើកសពយកទៅចងព្យួរក នៅក្នុងបន្ទប់ជួលរបស់ជនដៃដល់ ។

ករណីឃាតកម្មខាងលើ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខ៣៧ ជាន់ទី១ ផ្លូវលំ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សុីម រ៉ាឌី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រកាណាឌីយ៉ា មានម្តាយឈ្មោះ លុំ តាំងយូ អាយុ៤៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនស្រីតែម្នាក់នេះគត់ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ខាងក្រោយផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ចំណែកបុរសសង្សារ ជាឃាតករ មានឈ្មោះ សុផា អាយុជាង២១ឆ្នាំ មុខរបរ កម្មកររោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ (ក្រោយសម្លាប់នារីរងគ្រោះហើយ បានគេចខ្លួនបាត់ ) ។

បើតាមក្រុមគ្រួសារនារីរងគ្រោះ បានឱ្យដឹងថា ពួកគាត់ក៏បានដឹងដែរថា ពួកគេទាំង២នាក់ ជាសង្សារ ស្រឡាញ់គ្នា ហើយក៏ធ្លាប់ប្រាប់ទៅជនដៃដល់ដែរ បើស្រឡាញ់នាង សូមហៅឪពុកម្តាយ ចាស់ទុំ ចូលស្តីដណ្តឹងទៅ ។

ប្រភពបន្តទៀតថា កន្លងមកជនដៃដល់ធ្លាប់បានគំរាមនាង មិនឱ្យស្រឡាញ់បុរសណាផ្សេងឡើយ ពុំនោះទេ គេនឹងសម្លាប់ចោល ។

ហើយកាលពីវេលាម៉ោង៧យប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះនិងសង្សារ នាំគ្នាចេញពីធ្វើការថែមម៉ោង ក៏ឡើងទៅបន្ទប់របស់ជនដៃដល់ ដោយបាត់កូនស្រីយូរពេក យប់កាន់តែជ្រៅទៅហើយ មិនឃើញវិលទៅផ្ទះ បងប្អូនក៏នាំគ្នាទៅតាមរកដល់បន្ទប់ជួលខាងប្រុស តែឃើញចាក់សោជាប់ពីខាងក្រៅ ទូរស័ព្ទចុចមិនចូល ទាក់ទងមិនបាន រហូតដល់ព្រឹកឡើងថ្ងៃទី០៦ បន្ទាប់ នាំគ្នាទៅតាមរកម្តងទៀត ឃើញបន្ទប់ជាប់សោដដែល លុះដល់វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នេះ បងប្អូននាំគ្នាទៅមើលបន្ទប់របស់ជនដៃដល់សារជាថ្មី ជាប់សោដដែល តែធំក្លិនស្អុយចេញពីក្នុងបន្ទប់ ធ្វើឱ្យសង្ស័យ សហការជាមួយម្ចាស់ផ្ទះជួល មេភូមិ នាំគ្នាគាស់បង្ហើបបង្អួចមើល ស្រាប់តែប្រទះឃើញនារីរងគ្រោះ ស្លាប់ដោយយកខ្សែចងព្យួរក ទើបសន្និដ្ឋានថា ឃាតករជាសង្សារ វាយរឹតកសម្លាប់ហើយ លើកជនរងគ្រោះចងព្យួរកជាក្រោយ រួចចាក់សោបន្ទប់ពីក្រៅ រត់គេចខ្លួនបាត់ ។

ក្រោយពីប្រទះឃើញនារីរងគ្រោះត្រូវបានឃាតករវាយសម្លាប់ លើកយកទៅព្យួរកជាក្រោយ បង្កឱ្យភ្ញាក់ផ្អើល ម្តាយជាស្ត្រីមេម៉ាយ មានកូនស្រីតែមួយ ស្រែកទ្រហោយំបោកខ្លួន ។

ករណីខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញស្នងការក្រុងភ្នំពេញ ចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ ជាករណីឃាតកម្ម រួចប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់ ខណៈដែលឃាតករអារកសម្លាប់ស្ត្រីម្នាក់ ប្លន់យកទ្រព្យសម្បត្តិ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចចាប់មិនទាន់បានឃាតករផង មកដល់ថ្ងៃនេះ ឃាតកម្មកើតឡើងមួយករណីថ្មីទៀត សមត្ថកិច្ចបន្ថែមការងារស្រាវជ្រាវស្វែងរកជនដៃដល់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.