ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល​ឆ្នាំ​២០២៣-២៤ បាន​​ឈាន​ដល់​សប្ដាហ៍​ទី១៣​ហើយ ពោល​គឺ​ឆ្លងកាត់​ចំនួន​​៦៥​ប្រកួត ស្រប​ពេល​ដែល​កីឡាករ​​ចំនួន​៥​រូប ទើប​ត្រូវ​បាន​គ្រូ​បង្វឹក​នៃ​ក្រុម​រៀងៗ​ខ្លួន​ចុះ​​ក្នុង​បញ្ជី​ដាក់​ឱ្យ​​ចូល​ទីលាន​ប្រកួត​ប្រជែង។

សារព័ត៌មាន​ត្រយង​សូម​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​៥នាក់​ជូន​ប្រិយមិត្ត​ជ្រាប៖

ទី១) ខ្សែ​បម្រើ​កណ្ដាល​​ជនជាតិ​ជប៉ុន Tachibana Yusuke
ក្នុង​វ័យ​៣៣​ឆ្នាំ ទើប​តែ​ចេញ​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង ដោយ​ចូលរួម​ជាមួយ​ក្រុម​បឹងកេតអែហ្វស៊ី នៅ​កម្ពុជា ក្នុង​ជើង​ទី២​ ក្រោយ​ចាកចេញ​ពី​ក្លិប FC Ryukyu សមាជិក​លីគ​ទី៣​របស់​ជប៉ុន។ ម្ចាស់​អាវ​លេខ២២ រូប​នេះ​ត្រូវ​បាន​លោក​គ្រូ​បង្វឹក​ជនជាតិ​សិង្ហបុរី Clement Teo ដាក់​ឱ្យ​ប្រកួត​លើ​ទីលាន​កីឡដ្ឋាន​ព្រីនស៍ ​​ពេញ​៩០​នាទី ទល់​ម្ចាស់​ផ្ទះ​វិសាខា ស្រប​ពេល​លទ្ធផល​រួម​បឹងកេត បាន​រង​បរាជ័យ​២ ទល់០ ក្រោយ​ថ្វី​ជើង​​វិសាខា នៅ​រាត្រី​ថ្ងៃ​​ទី១០ ធ្នូ ឆ្នាំ​២០២៣។

កីឡាករ Tachibana Yusuke (រូបថត៖បឹងកេត)

ទី២) ខ្សែ​ការពារ ឈុំ សុខហៃ
កីឡាករ​វ័យ​ ២២​ឆ្នាំ​រូប​នេះ ត្រូវ​បាន​លោក​គ្រូ​បង្វឹក​ជនជាតិ​កាម៉េរ៉ូន​ John Botioba របស់​ក្រុម​ ISI ដង្កោសែនជ័យ ដាក់​ឱ្យ​ចូល​ប្រកួត​​លើ​ទីលាន​ក្នុង​ជម្រើស​១១នាក់​ដំបូង ទល់​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង នៅ​រាត្រី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៣។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល សុខហៃ បង្ហាញ​ខ្លួន​លើ​ទីលាន ក្រោយ​ខ្ចី​ជើង​ពី​ក្លិប​​ភ្នំពេញក្រោន បើ​ទោះ​ជា​១២​សប្ដាហ៍​មក​នេះ​​ក្លិប​ចាស់​​មិន​ធ្លាប់​​បាន​ដាក់​ឱ្យ​ចូល​ប្រកួត​ក្តី។

ឈុំ សុខហៃ (រូបថត៖​ISI)

ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ជាង​២ពាន់​នាក់ ក្រុម ISI ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ បាន​យក​ឈ្នះ​លើ​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង ដោយ​លទ្ធផល ២-១ ដែល​ដឹកនាំ​លើ​ទីលាន​ដោយ​លោក​អាជ្ញាកណ្តាល ជួប​វិសាល។ ចំណែក​កីឡាករ ឈុំ សុខហៃ ត្រូវ​បាន​គ្រូ​បង្វឹក​ប្តូរ​ចេញ​នៅ​នាទី​៦៤ ដែល​ជំនួស​វិញ​ដោយ​កីឡាករ កែម វណ្ណដា។

ទី៣) ស្លាប​ស្តាំ​ជនជាតិ​បារាំង Antoine Pierre Mathieu Lemarie
ក្រោយ​ក្លិប​បឹងកេតអែហ្វស៊ី ប្រកាស​ជា​ផ្លូវការ​៣ថ្ងៃ​មុន​ការ​ប្រកួត​មក​ដល់​ កីឡាករ Antoine Pierre Mathieu Lemarie បាន​ចូល​បង្ហាញ​ខ្លួន​លើ​ទីលាន​ដូច​មិត្ត​រួម​ក្រុមTachibana Yusuke ដែរ​ ប៉ុន្តែ​​ត្រូវ​ប្តូរ​ចូល​នៅ​នាទី​៧៧​នៃ​តង់​ទី២​ជំនួស​កីឡាករ​ជប៉ុន Mahiro Takahashi ទន្ទឹម​លទ្ធផល​មិន​សម​ប្រកប។
នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​ដំបូង​នៅ​ទ្វីប​អាស៊ី របស់​ Antoine ស្រប​ពេល​ដែល​គេ​ធ្លាប់​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​អាជីព​នៅ​ទ្វីប​អឺរ៉ុប ដូចជា​លីគ​នៅ​ប្រទេស​​អូស្រ្តាលី, អង់គ្លេស, ហ្វាំងឡង់ និង​ក្រិក ជាដើម។

Antoine Pierre Mathieu Lemarie (រូបថត៖បឹងកេត)

ទី៤) ខ្សែ​បម្រើ លឹម វិសាល វ័យ​១៨​ឆ្នាំ
ក្រោយ​ចុះ​បញ្ជី​​តាំង​ពី​ដើម​រដូវកាល​មក​​លោក​គ្រូ​បង្វឹក​ជនជាតិ​អ៊ុយក្រែន Oleg Starynskyi បាន​សម្រេច​ចិត្ត​ដាក់​កីឡាករ លឹម វិសាល អោយ​បង្ហាញ​ខ្លួន​នៅ​ចុង​តង់ទី២ ពោល​គឺ​ក្នុង​នាទី​​៨៨ ជំនួស​ ផាច សុជាវីឡា បើទោះ​ជា​លោក​អាជ្ញាកណ្តាល ជី សាមឌី បន្ថែម​ម៉ោង​ដល់​៧នាទី ក្តី ទល់​ក្រុម​ភ្ញៀវ​ណាហ្គាវើល លើ​ទីលាន​កីឡដ្ឋាន Smart RSN នា​រាត្រី​​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣។

លឹម វិសាល (រូបថត៖ភ្នំពេញក្រោន)

លឹម វិសាល ជា​ប្អូន​បង្កើត​របស់​កីឡាករ លឹម ពិសុទ្ធ។ ការណ៍​​ដែល​ការ​ប្តួរ​ចូល​របស់​កីឡាករ​ម្ចាស់​អាវ​លេខ​២៥​​នេះ ជា​ផ្នែក​មួយ​ជួយ​ទាញ​យក​១​ពិន្ទុ​ពី​ណាហ្គាវើល បាន​វិញ បន្ទាប់​ពី​ការ​អូស​បាល់​នៅ​កៀក​មុខ​ទី​​របស់ វិសាល ហើយ​អ្នក​ចាំទី រ៉េត លីហេង របស់​ណាហ្គាវើល ចេញ​មក​ដណ្តើម​ហើយ​ធ្វើ​អោយ​វិសាល ដួល ត្រូវ​លោក ជី សាមឌី ផ្តល់​បាន​ពិន័យ​១១ម៉ែត្រ​ដល់​ភ្នំពេញក្រោន នៅ​នាទី​៩០+៧ ក្នុង​គ្រា​ដែល​ណាហ្គាវើល កំពុង​តែ​នាំ​មុខ​១ទល់០។ កីឡាករ លឹម ពិសុទ្ធ ជា​អ្នក​ទាត់​បាល់​ពិន័យ​១១ម៉ែត្រ​បាន​សម្រេច ក្នុង​នាទី​ចុងក្រោយ​នេះ។

ទី៥) ខ្សែ​ប្រយុទ្ធ ដែត សុវណ្ណឌិច វ័យ​១៧​ឆ្នាំ
កីឡាករ ដែត សុវណ្ណឌិច បង្ហាញ​ខ្លួន​​ឱ្យ​ក្រុម​ភ្នំពេញក្រោន បាន​ត្រឹម​​៨​នាទី ដូច​មិត្តរួម​ក្រុម លឹម វិសាល ដែរ​ ដោយ​លោក​គ្រូបង្វឹក Oleg Starynskyi បាន​ប្តូរ​រូប​គេ​ជំនួស​សិស្ស​ច្បង ពៅ ប៉ុនវុឌ្ឍី នៅ​នាទី​៨៩ ក្នុង​ប្រកួត​ដែល​មាន​ម៉ោង​បន្ថែម​ក្នុង​តង់​ទី២ ចំនួន​៧នាទី។ ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​​របស់ សុវណ្ណឌិច ស្រប​ពេល​ដែល​ក្រុម​ភ្នំពេញក្រោន ស្មើ​គ្នា ១ទល់១ ជាមួយ​ក្រុម​​ណាហ្គាវើល មុន​បេសកម្ម​​ជើង​ឯក​ទ្វីប​អាស៊ី AFC Cup 2023-24 ទល់​ក្រុម Shan United នៅ​រដ្ឋធានី​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា។

ដែត សុវណ្ណឌិច (រូបថត៖ភ្នំពេញក្រោន)

សូម​បញ្ជាក់​ថា​នៅ​ក្នុង​ជើង​ទី១ នៃ​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល​២០២៣-២៤ មាន​កីឡាករ​ចុះ​បញ្ជី​សរុប​២៩៥នាក់ ក្នុង​សមាជិក​ទាំង​១០​ក្រុម ក្នុង​នោះ​កីឡាករ​បរទេស​ដែល​បាន​ប្តួរ​ចេញ​និង​ប្តូរ​ចូល​នៃ​ជើង​ទី២​មាន​រហូត​ដល់​៦៤នាក់៕

Share.