ភ្នំពេញ ៖ ជនដៃដល់សម្លាប់នាងជាស្សារ ដោយសារភ្លើងប្រច័ណ្ឌ ខឹងសង្សារមានទំនាក់ទំនងជាមួយអ្នកផ្សេង នៅក្នុងបន្ទប់ជួលលេខ៣៧ ជាន់ទី១ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រត់គេចខ្លួនបាត់៣ថ្ងៃ ហើយក៏ចូលខ្លួនសារភាពនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចនាំវិលមកផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីសាកសួរនិងកសាងសំណុំរឿង តាមនីតិវិធី រហូតមកដល់ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ជនសង្ស័យត្រូវបាននគរបាលខណ្ឌពោធិសែនជ័យបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។

ជនសង្ស័យក្នុងសំណុំរឿងខាងលើមាន ឈ្មោះ ភុំ ផា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ កាណាឌីយ៉ា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើរភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ចំណែកជនរងគ្រោះជាសង្សារ ឈ្មោះ សុឹម រ៉ាឌី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្រជាមួយគ្នា មានម្តាយឈ្មោះ លុំ តាំងយី ហៅយូ អាយុ៤៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនស្រីតែម្នាក់គត់ ស្នាក់នៅផ្ទះជួល ខាងក្រោយផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សូមរំលឹកផងដែរ កាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ជនដៃដល់បានធ្វើសកម្មភឫព សម្លាប់សង្សារ ដោយប្រើវិធីខ្ទប់ផ្លូវដង្ហើម ហើយយកសពនាងទៅចងព្យួរកនៅបន្ទប់ទឹក រួចរត់គេចខ្លួន លុះដល់រសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមគ្រួសារនារីរងគ្រោះ រកឃើញសពក្នុងបន្ទប់ ផ្អើលឆោឡោ សមត្ថកិច្ចស្រាវជ្រាវ កំណត់បានមុខសញ្ញា ដឹងច្បាស់ហើយថាបុរសសង្សារជាអ្នកសម្លាប់ លុះដល់អធ្រាត្រថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យដឹងថា សមត្ថកិច្ចតាមចាប់ខ្លួនហើយ ក៏ចូលសារភាព ប្រគល់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយត្រូវបានសមត្ថកិច្ចនាំខ្លួនវិលត្រឡប់មកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សាកសួរតាមនីតិវិធី ។

ជនសង្ស័យក្រោយពីកសាងសំណុំរឿងរួចរាល់ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាកាក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

បើតាមការបញ្ជាក់ប្រាប់ពីជនសង្ស័យ គ្រាដែលកម្លាំងសមត្ថកិច្ចកំពុងនាំខ្លួនទៅសាលាដំបូង បានឱ្យដឹងថា ផ្តើមចេញពីភ្លើងប្រច័ណ្ឌ សង្ស័យនាងមានប្រុសថ្មី ហើយនៅយប់ថ្ងៃមុនកើតហេតុ ចេញពីធ្វើការងារថែមម៉ោង នាំនាងឡើងទៅបន្ទប់ជួល ហើយសុំមើលទូរស័ព្ទ ក្នុងបំណងឆែករកមើល ក្នុងឆាត ហ្វេសប៊ុក ឆាតតេឡេក្រាម ចង់ដឹងថាមានទំនាក់ទំនងជាមួយប្រុសណាខ្លះ តែនាងមិនឱ្យឆែក ទើបផ្ទុះកំហឹងចាប់សង្កត់យកកន្សែងខ្ទប់មាត់ ច្រមុះ រហូតដល់ស្លាប់ រួចយកសពនាងទៅចងព្យួរកនៅបន្ទប់ទឹក ។ ក្រោយពីសម្លាប់ហើយ ចាក់សោបន្ទប់ រត់គេចខ្លួន ទៅដល់ស្រុកក្រឡាញ់ ខេត្តសៀមរាប ដឹងថាសមត្ថកិច្ចកំពុងតាមចាប់ហើយ ក៏ចូលខ្លួនសារភាពតែម្តង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.