ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានចំនួនសិលាចារឹកច្រើនជាងគេនៅក្នុងតំបន់។ សិលាចារឹក និង ភាសាសំស្រ្កឹតច្រើនជាង ១,២០០ ត្រូវបានរកឃើញនៅតំបន់ដីសណ្ដទន្លេមេគង្គ។ ចាប់ពីសតវត្សទី៦ ដល់សតវត្សទី២០ សិលាចារឹកទាំងអស់នោះ បានផ្ដល់នូវភស្ដុតាងដំបូងបង្អស់នៃប្រវត្តិសាស្រ្ត វប្បធម៌របស់ខ្មែរសម័យបុរាណ និង មជ្ឈិមសម័យ ដូចជាវប្បធម៌ ភាសា និង សិល្បៈ។


សិលាចារឹកនេះ គឺជាប្រភពព័ត៌មានដ៏សំខាន់មួយសម្រាប់ការសិក្សាពីប្រវត្តិសាស្រ្តបុរាណរបស់ប្រទេសកម្ពុជា។ សិលាចារឹកទាំងនេះ គឺជាកំណប់ទ្រព្យពិតប្រាកដសម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្របុរាណ ដូចជាអ្នកបុរាណវិទូ។ សិលាចារឹកទាំងនេះក៏អាចត្រូវបានរកឃើញនៅក្នុងប្រទេសខ្លះជាទឹកដីនៃអាណាចក្រខ្មែរកាលពីសម័យបុរាណ ដែលបច្ចុប្បន្នគឺជាប្រទេសឡាវ ថៃ និង វៀតណាមខាងត្បូង។ ហើយរហូតមកដល់បច្ចុប្បន្នសិលាចារឹកថ្មីៗនៅតែអាចរកឃើញដដែល ព្រោះមានសិលាចារឹកជាច្រើនបានកប់នៅក្នុងដីអស់ពេលជាយូរមកហើយ ដោយសារកត្តាផ្សេងៗ ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ Asian Amazing Culture and Community (AACC) ។

ដោយឡែកប្រភពពី វីគីភីឌា បានដកស្រង់សម្ដី លោក ហ៊្សក សឺដេស បានបោះពុម្ពសៀវភៅសិលាចារឹកកម្ពុជា គេប្រទះឃើញមានសិលាចារឹកខ្មែរសរុបទាំងអស់មានចំនួន ១០០៥ប៉ុណ្ណោះ។ បន្ទាប់មកឆ្នាំ១៩៧១ លោក ក្លូដ ហ៊្យាក់ ជាអ្នកសិក្សាស្រាវជ្រាវសិលាចារឹកខ្មែរបន្តពីលោក ហ៊្សក សឺដេស បានចុះផ្សាយក្នុងអត្តបទ ដោយបញ្ជាក់លោកបានរកឃើញសិលាចារឹក ៥៤បន្ថែមលើសិលាចារឹកដែលលោក ហ៊្សក សឺដេសរកឃើញ។ លោកបានបញ្ជាក់ថ្មីមួយទៀតថា សិលាចារឹកប្រទេសកម្ពុជាសរុបមានចំនួន ១១៥០ នៅអំឡុងឆ្នាំ ១៩៨៨។ បើតាមនរវិទូ អាំង ជូលាន គូសបញ្ជាក់ចុងក្រោយថា រហូតដល់ពេលបច្ចុប្បន្ននេះគេបានរកឃើញសិលាចារឹកខ្មែរសរុបទាំងអស់មានចំនួន ១៣២០។ សិលាចារឹកចាស់ជាងគេ សរសេរជាភាសាខ្មែរផ្តល់កាលបរិច្ឆេទដំបូងបំផុតគឺសិលាចារឹកអង្គរបូរី(វត្តទួលគំនូរ) ចុះបញ្ជីសារពើភណ្ឌលេខ K-៦០០ បានចារក្នុងឆ្នាំ៦១២នៃគ.ស មុនសម័យអង្គរ(សតវត្សរ៍ទី៦-៨) សិលាចារឹកទួលអង្គ K-៥៥៩ រលប់កាលបរិច្ឆេទត្រូវបានរលប់។

តាមគំនូរផែនទីផ្សេងៗរៀបចំឡើងដោយ លោក ហង់រី ប៉ារម៉ង់ទីយេរ ដែលមានឈ្មោះថា ផែនទីនៃចក្រភពខ្មែរ រៀបចំឡើងតាមទីកន្លែងនៃសិលាចារឹក ដែលបានចុះកាលបរិច្ឆេទ។ គេអាចយល់ឃើញថា ទឹកដីគ្រប់ដណ្តប់ដោយសិលាចារឹក សរសេរជាភាសាខ្មែរ និងសំស្រ្តឹតមានវិសាលភាពធំធេង។ ទឹកដីនេះលាតសន្ធឹងលើប្រទេសកម្ពុជាបច្ចុន្បន្នលើកូសាំងស៊ីន លើប្រទេសសៀម និងប្រទេសលាវ៕

Share.