ក្លិបបាល់ទាត់នៅក្នុងតំបនអាស៊ាន ១ដែលធ្លាប់គ្រងជើងឯកនៃពានរង្វាន់កម្រឹតទ្វីប AFC Cup រដូវកាលឆ្នាំ២០១៥ នោះគឺ Johor Darul Ta’zim F.C របស់ប្រទេសម៉ាឡេស៊ី។

ក្លិបបាល់ទាត់ Johor Darul Ta’zim F.C បានគ្រងជើងឯកពានរង្វាន់កម្រឹតទ្វីប AFC Cup ជាលើកដំបូង របស់ខ្លួន កាលពីឆ្នាំ២០១៥ កន្លងទៅ ដែលជាប្រវត្តសាស្រ្តថ្មីសម្រាប់ក្លិប និងប្រទេសម៉ាឡេស៊ី ក្រោយយកឈ្នះលើក្រុម Istiklol របស់ប្រទេសតាជីគីស្ថាន នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១-០ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ Pamir Stadium ស្ថិតក្នុងទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន។

មុនគ្រងជើងឯកពានរង្វាន់លំដាប់ទ្វីបនេះក្រុម  Johor Darul Ta’zim F.C បានឆ្លងកាត់ព្យុះភ្លៀងជា​ច្រើន ដោយគ្រានោះក្លិបដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី មួយនេះស្ថិតនៅពូល F ជាមួយក្រុម Kitchee របស់ហុងកុង East Bengal របស់ឥណ្ឌា និង  Balestier Khalsa របស់សិង្ហបុរី ​ក្រោយឆ្លង​កាត់​៦ប្រកួត ឈ្នះ៥ ចាញ់១ ឈរនៅកំពូលតារាងមាន១៥ពិន្ទុ ។

នៅវគ្គ១៦ក្រុមចុងក្រោយវិញឃើញថា ក្រុមម្ចាស់ជើងឯកទាំង១០សម័យកាលរបស់ម៉ាឡេស៊ី មួយនេះបានយកឈ្នះលើក្រុម Ayeyawady​ United របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ៥-០ រួចបន្តធ្វើបានល្អនៅវគ្គ៨ក្រុម ដោយកាល ពីជើងទី១ បានត្រឹមស្មើជាក្រុម South China របស់ហុងកុង ដោយលទ្ធផល ១-១ រួចបានយក ឈ្នះនៅ​ជើងទី២វិញក្នុងលទ្ធផល ៣-១។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម Johor Darul Ta’zim F.C ប្រកួតចាញ់ក្រុម Al-Qadsia របស់​ប្រទេសគុយវ៉ែត នៅជើងទី១ ដោយលទ្ធផល៣-១ ប៉ុន្តែនៅជើងទី២ មិនមានការប្រកួតរវាងក្រុម​ទាំងពីរ​នោះទេ ពោលគឺសហព័ន្ធបាល់ទាត់អន្តជាតិ FIFA បានពិន័យ និងបិទការប្រកួតទាំង​ឡាយណារបស់​ប្រទេស​​​​គុយវ៉ែត ត្រូវចាត់ទុកជាទុកជាមោឃៈ។

ដូចនេះតម្រូវឱ្យក្រុម Johor Darul Ta’zim F.C ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ហើយបានយក​ឈ្នះលើក្រុម Istiklol របស់ប្រទេសតាជីគីស្ថាន នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នៅកីឡដ្ឋាន Pamir Stadium ឋិតក្នុងទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន។

សូមបញ្ជាក់ថា ក្រុមជើងឯករង Istiklol ក៏មានភ័ពសំណាងដូច Johor Darul Ta’zim F.C ដែរ ដោយកាលពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម Istiklol បានរងបរាជ័យក្រោមថ្វីជើងក្រុម Al-Kuwait  ដូចគ្នានៅជើងទី១ ហើយនៅជើងទី២ក្រុម Al-Kuwait  ក៏មិនមានសិទ្ធប្រកួតដូចក្រុម Al-Qadsia ដែរ ជាហេតុនាំឱ្យក្រុម Istiklol បានទៅជួបក្រុម Johor Darul Ta’zim F.C នៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ក្រុម Johor Darul Ta’zim F.C គឺត្រូវបានបង្តើតឡើងនៅឆ្នាំ១៩៧២ ពោលគឺមានអាយុកា ៥១ឆ្នាំ ដោយមានគ្រូបង្វឹកបច្ចុប្បន្នគឺលោក Esteban Solari ជនជាតិអាហ្សង់ទីន ។

Johor Darul Ta’zim F.C ក៏ជាម្ចាស់ជើងឯកនៃពានរង្វាន់ Malaysia Super League លីគកំពូលរបស់ប្រទេសម៉ាឡេស៊ី រដូវកាលឆ្នាំ​២០២៣ ផងដែរ ក្រោយឆ្លងកាត់២៦ប្រកួត ឈ្នះ២៥ប្រកួត ស្នើ១ មិនដែលចាញ់ មាន៧៦ពិន្ទុ និងជាពានទី១០ សម្រាប់ក្លិបជើងខ្លាំង១នេះ៕

Share.