បាត់ដំបង៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីឃាតកម្ម កូនដើមចាក់សម្លាប់ឪពុកចុងខ្លួនឯង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានហើយ​កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤ ៖៣០នាទី នៅចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវែលវែង ខេត្តពោធិ៍សាត់។

គួរំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨៖៤០នាទី នៅចំណុចក្រុម ទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី“ឃាតកម្ម” មួយកើតឡើង ដែលបង្កឡើងដោយឈ្មោះ វណ្ណាវី វិជ្ចានៈ ភេទប្រុស អាយុ ប្រហែល ៣០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ត្រូវជាកូនដើម) បានធ្វើសកម្មភាព ប្រើប្រាស់កាំបិតចិតបន្លែ ចាក់សម្លាប់ លើជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលត្រូវជាឪពុកចុង បណ្តាលឱ្យស្លាប់ ព្រោះតែមានទំនាស់ក្នុងគ្រួសារបន្តិចបន្ទួច។ ក្រោយធ្វើសកម្មភាពរួចជនដៃដល់បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និង អធិការដ្ឋាននគរបាលស្រុកថ្មដា ដេីម្បីស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួននឹងធ្វើការឃាត់ខ្លួនតែម្តង។


បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន បញ្ជូនមកធ្វើការសាកសួរនៅនាយដ្ឋាន ដើម្បីបំពេញនីតិវិធីប្រគល់ទៅឱ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី និងចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.