សិល្បៈជាតិ៖ ជឿថា មហាជន​អ្នកតាមដាន​នៅលើ​បណ្ដាញ​សង្គម​ទាំង TikTok និង​ហ្វេ​ស​ប៊ុ​ក ច្បាស់​ជា​ធ្លាប់បាន​ទស្សនា​វីដេអូ​កំប្លែង​សើច​សប្បាយ​របស់​កុមារា ២ នាក់ ដែល​ពួកគេ​មាន​ទេពកោសល្យ​ពូកែ​សម្ដែង​លេង​ទឹកមុខ​ក្រមិចក្រមើម និង​ពូកែ​វោហា​សព្ទ​បង្ក​ឱ្យ​ផ្ទុះសំណើច​ជាមួយនិង​ឃ្លី​ប​វីដេអូខ្លី។ តើ​ក្មេងប្រុស ២ នាក់​មាន​ប្រភព​មកពីណា? នៅ​ពីក្រោយ​ការ​សើច​សប្បាយ តើ​ជីវិត​ពិតរបស់​ពួកគេ​កម្សត់កម្រ​យ៉ាងណា​នោះ? ថ្ងៃនេះ​សារព័ត៌មាន​ត្រយង សូម​ជម្រាបជូន​ពី​សាវតាររ​បស់​ក្មេងប្រុស​ទាំង២នាក់ និង​អ្នកដឹកនាំ​ផលិត​មាតិកា​នោះ​ឡើង​ដូចតទៅ៖

រាល់​វីដេអូនីមួយៗត្រូវបាន​ផលិត និង​ដឹកនាំ​ការសម្ដែង​ដោយ​យុវជន​មួយរូប​ឈ្មោះ វ៉ាង វីន ដែល​កំពុងតែ​រស់​នៅឯ​ខេត្តកំពង់ចាម។ យុវជន​មួយ​នេះ​មាន​ឧបនិស្ស័យ​ចំពោះ​ការផលិត​វីដេអូខ្លីៗ និង​ដឹកនាំ​សម្ដែង​រឿង។ ប្រុស​វីន បាន​បបួល​កុមារា ចុក វិ​ច្ចកា ហៅ តុង​តុង មាន​វ័យ ១២ ឆ្នាំ និង​កុមារ ម៉ៅ លំអង ហៅ អង មាន​វ័យ ១១ ឆ្នាំ មក​ចូលរួម​សម្ដែង​ជាមួយគ្នា។ តាម​ការលើកឡើង​រប​ស់​ប្រុស​វីន បាន​ប្រាប់​មក​អ្នកសារព័ត៌មាន​ត្រយង​ថា ពួកគេ​ទាំង ៣ រស់នៅ​ភូមិ​ខ្វិត ឃុំ​តាំងក្រសាំង ស្រុក​បាធាយ ខេត្តកំពង់ចាម ឪពុកម្ដាយ​ជា​កសិករ និង​ប្រកបរ​បរជា​កម្ម​ករោង​ចក្រ ដែលមាន​ជីវភាព​មិនសូវ​ជា​ធូរធារ​ប៉ុន្មាន​ទេ។

ប្រុស​វីន បាន​លើកឡើងថា ខ្លួន​ចាប់អារម្មណ៍​ផលិត​មាតិកា​កំប្លែង​សើច​សប្បាយ​នេះ ក៏ដោយ​សារ​ខ្លួន​ចង់​ជួយ​រកលុយ​ដោះស្រាយ​បំណុល​ឪពុកម្ដាយ​ខ្ញុំ និង​មាន​ម​ហិ​ច្ឆិ​តាច​ង់​សម្រេច​ក្ដី​ស្រមៃ​មួយ​ដ៏​ធំ​ក្នុង​ឆាកជីវិត។ ប្រុស​វីន​បន្តថា ជំនាញ​ដឹង​នាំ​សម្ដែង​នេះ​ខ្លួន​ចេះ​មកពី​ការប្រឹងប្រែង​ឈ្វេងយល់​ខ្លួនឯង​ផង និង​មើល​រឿង​ភាគ​តាម​បណ្ដាញ​អ៊ិន​ធឺ​ណែ​តខ្លះៗផង ដើម្បី​យក​ជា​បទពិសោធន៍។ ហើយ​អស់​រយៈពេល​ជាង ៣ ឆ្នាំ​មកហើយ ដែល​ខ្លួន​បាន​យកចិត្តទុកដាក់​ផ្ដោតលើ​ការងារ​ផលិត​វីដេអូ​នេះ។

ប្រុស​វីន បន្តថា នៅពេល​ចាប់ផ្ដើម​ការផលិត​វីដេអូ​ដំបូង មិនសូវមាន​អ្នក​ចូលចិត្ត ឬ​សរសើរ ឬក៏​លើកទឹកចិត្ត​ប្អូន​នោះទេ។ ហើយក៏​មានពេលខ្លះ​ខ្លួន​ធ្លាប់​បាក់​ទឹកចិត្ត​រួច​គិត​ចង់​ឈប់​ម្ដងម្កាល។ ប៉ុន្តែ​ជា​ញឹកញាប់​តែ​ខ្លួន​គិតថា ខ្លួន​មាន​ទេពកោសល្យ​អាច​ផលិត​វីដេអូ​បាន ម្ល៉េះ​ហើយ​បើទោះបីជា​ហត់នឿយ​ប៉ុណ្ណា​ក៏ដោយ​ក៏​នៅតែ​ទ្រាំធ្វើការ​ងារ​នោះ​ដោយ​អំណត់ និង​ចងចាំ​នូវ​ពាក្យ​មួយ​ឃ្លា​ថា ការងារនីមួយៗមិន​ងាយស្រួល​ឡើយ!។

ប្រុស​វីន បាន​ទម្លាយ​ពី​បញ្ហា​ផល​លំបាក​នាពេល​បច្ចុប្បន្ននេះ​ថា មានពេលខ្លះ​ជួប​ឧបសគ្គ​ជាមួយ​បញ្ហា​ក្នុង​គ្រួសារ បញ្ហា​ផ្លូវចិត្ត ផល​លំបាក​ក្នុង​ការថត ការគ្រប់គ្រង​តួនីមួយៗ នៅ​មិនទាន់មាន​ប្រាក់ខែ ត្រូវ​ថត​ទាំងថ្ងៃទាំងយប់ ម្នាក់ៗនៅជាប់​រវល់​ត្រូវ​បែងចែក​ពេលវេលា​ការសិក្សា មិនសូវមាន​សម្លៀកបំពាក់​សមរម្យ កាំ​មេ​រ៉ា​មិនសូវ​ច្បាស់ ជាពិសេស​ជួន​ឧបសគ្គ​ខ្លាំង​បំផុត​គឺ ខ្វះ​ថវិកា​ក្នុង​ផលិត​ជាដើម។

ប្រុស​វីន បាន​គូសបញ្ជាក់ថា តួ​សម្ដែង​នៅក្នុង​ឃ្លី​ប​វីដេអូ កុមារា តុង​តុង ទើប​រៀន​ថ្នាក់​ទី៦ រីឯ​កុមារា អង កំពុង​សិក្សា​ថ្នាក់​ទី ៥ ដោយ​ពួកគេ​ទាំងពីរ​នាក់​លះបង់​កម្លាំងកាយ​ចិត្ត​ឆ្លៀតពេល​ទំនេរ​ពី​ការសិក្សា​មក​ចូលរួម​ក្នុងការ​សម្ដែង​ឃ្លី​បនីមួយៗ ដើម្បី​កំដរ​អារម្មណ៍​មហាជន​អ្នកទស្សនា​ឱ្យ​រំសាយ​អស់​ទុក្ខ​កង្វល់។

សូមជម្រាបថា រាល់​វីដេអូ​កំប្លែង​របស់​ក្រុម​សម្ដែង វ៉ាង វីន គឺ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅលើ​បណ្ដាញ​សង្គម រហូតដល់​វីដេអូ​ខ្លះ​មាន​អាត្រា​ទស្សនា​ដល់​ទៅ​លាន​ដង​ឯង​ណោះ៕

Share.