សិល្បៈជាតិ៖ ថ្មីៗនេះ ហ្វេ​ន​ថៃ​ជាច្រើន​នាក់​ប្រៀប​ដូច​ទឹកបាក់​ទំនប់សម្រុក​ចូលមក Share និង Comment ប្រតិកម្ម​ដាក់​កញ្ញា រឿន ណាត Miss Universe Cambodia ឆ្នាំ ២០១៨ ក្រោយ​ឃើញ​កញ្ញា​តែងខ្លួន​ដូច Lisa សមាជិក​ក្រុម BLACKPINK បើទោះបីជា​កញ្ញា​ប្រឹង​ប្រាប់​មូលហេតុ​យ៉ាងណា​ក៏​មិន​ពេញចិត្ត មិន​ស្ដាប់​មិន​ចូល​ត្រចៀក​ដែរ។

កញ្ញា រឿន ណាត ត្រូវបាន​មហាជន​ចាប់អារម្មណ៍​រូប​សម្រស់​ខ្លាំង នៅពេលដែល​កញ្ញា​គ្រង​ឈុត​រ៉ូ​ប​ខ្មៅ អមដោយ​ការបង្ហាញ​គ្រឿង​ពេជ្រ និង​លេង​ម៉ូដ​សក់​ខ្លះ មានស្ទាយមើលទៅ​ស្រដៀង​នឹង​តារាចម្រៀង Lisa សមាជិក​ក្រុម BLACKPINK នោះ ក៏​ស្រាប់តែ​ត្រូវ​ហ្វេ​ន​ជា​ជនជាតិ​ថៃ នាំគ្នា​សម្រុក​ចូលមក​ប្រតិកម្ម ដោយ​ពួកគេ​លើកឡើងថា ៖ «នេះ​គឺជា​កា​បំពាន​កម្ម​សិទ្ធ​បញ្ញា» «មិន​ខ្វល់​ពី​ក្រសែភ្នែក​អ្នកគាំទ្រ Copy ទាំង​ដុល» «ប្រកួត​ដល់​វេទិកា​លំដាប់​ពិភពលោក​តែ​មិន​យល់​អ្វី​ជា​កម្ម​សិទ្ធ​បញ្ញា» «លឺថា​លោក Antonio Riva អ្នក​ឌី​ហ្សា​ញ​ឈុតខ្មៅ​សម្រាប់ Liza Blackpink សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ​ដែល​លួច​ស្នាដៃ​របស់គាត់» ជាដើម។

យ៉ាងណាមិញ ក្រោយ​មានការ​ប្រតិ​កម្មនេះ បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា​ឆ្នាំ២០១៨ រូបនេះ បាន​ប្រាប់​មូលហេតុ​ទៅ​អ្នកលេង​បណ្ដាញ​សង្គម​វិញ​ដែរ​ថា ស្ទាយតុបតែង​ខ្លួន​រប​ស់ក​ញ្ញា​បើ​ទោះ​មើលទៅ​ស្រដៀង​នឹង Lisa សមាជិក​ក្រុម BLACKPINK តែ​កញ្ញា​មាន​ហេតុផល​ត្រង់​ថា តារាចម្រៀង K-Pop រូបនេះ​ក៏​ជា​អាយ​ដល​នាង។ កញ្ញា រឿន ណាត បានបញ្ជាក់​មូលហេតុ​ក្នុង Comment ថា « អ្នក​ស្គាល់​ខ្ញុំ​មិត្តភក្តិ​ជិតស្និត​ដឹង​ហើយ​ថា​ខ្ញុំ​ស្រលាញ់​Lisa ខ្លាំង​ឃើញ​ថៃ​ចេញមក​ប្រតិកម្ម យី​គ្រាន់តែ​ធ្វើខ្លួន​តាម​idolខ្លួន​អត់​បាន» ។ កញ្ញា​បញ្ជាក់​ថែមថា «ក្នុង story ក៏​ប្រាប់​ហើយ»។

ចុងក្រោយ ដោយ​មើលទៅ​ឃើញថា ហ្វេ​ន​ជនជាតិ​ថៃ​ហាក់ដូចជា​មិន​អស់ចិត្ត​ទាល់តែសោះ​ចំពោះ​រឿងនេះ កញ្ញា រឿន ណាត ក៏បាន​សម្រេច​បិទ​ការបញ្ចេញមតិ​ក្នុង Comment ទាំងស្រុង ដោយ​ទុក​តែ Comment ល្អៗរបស់​អ្នកគាំទ្រ​ជំនួស​វិញ។ សូមជម្រាបថា ហេតុការណ៍​នេះ​បានធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​យល់ឃើញថា អ្នកគាំទ្រ Liza Blackpink ពិតជា​មានគំនិត​ស្នេហា​អាយ​ដល​និយម ដូច្នោះ​បើទោះជា​ហ្វេ​ន​ធ្វើ​ត្រាប់​ក៏ដោយ ក៏​មិនអាច​ប៉ះពាល់​នាង​បានដែរ៕

Share.