សិល្បៈជាតិ៖ ស្ថាបនិក​ភ្លើង​គប់ និង ជា​អ្នកបង្កើត​មហោស្រព​សិល្ប:បុណ្យ​ភូមិ កញ្ញា រិទ្ធី​ លំអរពេជ្រ បានធ្វើឱ្យកម្ពុជា​មោទកភាព ជាថ្មី​ម្តងទៀត​ក្នុងនាម​ជា​កូន​ខ្មែរ ដែល​ពាំ​នាំនូវ​ខ្សែភាពយន្ត​ខ្លី​របស់ខ្លួន​ទៅ​បង្ហាញ​នូវ​មហោស្រព​ភាពយន្ត​អន្តរជាតិ CANNES នៅ​ប្រទេស​បារាំង។

បន្ទាប់ពី​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផលិតករ​ភាពយន្ត ក្នុង​កម្មវិធី  The Directors Factory  អ្នករៀបចំ​កម្មវិធី នឹងធ្វើ​ការជ្រើសរើស​ខ្សែភាពយន្ត​របស់​ផលិតករ​នានា ដើម្បី​បង្ហាញ​ក្នុង​មហោស្រព​អន្តរជាតិ Cannes។  ក្នុងចំណោម​ផលិតករ​ជាច្រើនរូប ដែល​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល នេះ​មានតែ​ខ្សែភាពយន្ត​របស់ ផលិតករ៤ក្រុម ដែលមាន៨រូប​ប៉ុណ្ណោះ​ដែលមាន​ឪ​កាស​យកមក​បញ្ចាំង​នូវ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ។ ក្នុងនោះ​ស្នាដៃ​របស់​កញ្ញា​រិទ្ធី​លម្អ​ពេជ្រ តំណាងអោយ​កម្ពុជា សហការ​ជាមួយ​ផលិតករ​ហ្វីលីពីន ត្រូវបាន​ជ្រើសរើស​ជាពិសេស។ ខ្សែភាពយន្ត​ខ្លី​នេះ​នឹង​ចាក់​បញ្ចាំង​ក្នុង​រាត្រី Directors’ Fortnight (aka Quinzaine des Cineastes) នៅក្នុង​ខែឧសភា។

ខ្សែភាពយន្ត​ខ្លី​របស់​ផលិករ​កម្ពុជា​ដែល​សហការ​ជាមួយ​ផលិតករ​ហ្វីលីពីន នឹង​ចាប់ផ្តើម​ការ តម្លើង​សាច់រឿង និង ថត​នៅក្នុង ខែមីនា​ឆ្នាំ​ក្រោយនេះ នៅ Dapitan ( ដាប​ពី​ទិន ) ដែលជា​ទីក្រុង​មួយ​នៅ ក្នុង​ឧបទ្វីប Zamboanga (ហ្សេ​ម​បូ​អាង​ហ្កា) របស់​ប្រទេស ហ្វីលីពីន ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជាទី​សក្ការបូជា​ជាច្រើន និង ជា​មជ្ឈមណ្ឌល​សម្រាប់​ទេស​ចរណ៍​ក្នុងស្រុក និង​អន្តរជាតិ។

សូម​ជម្រាប​បន្ថែមថា  មហោស្រព​ភាពយន្ត​អន្តរជាតិ CANNES នៅ​ប្រទេស​បារាំង​ដែល ជា​មហោស្រព​ភាពយន្ត​ប្រចាំឆ្នាំ ដែល​បញ្ចាំង​ខ្សែភាពយន្តថ្មីៗគ្រប់​ប្រភេទ  និង ភាពយន្ត​ឯកសារ​ពី​ជុំវិញ​ពិភពលោក។ វា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ 1946 ហើយ​ជា​មហោស្រព​ភាពយន្ត​ធំ​មួយ​ក្នុងចំនោម​មហោស្រព​ភាពយន្ត​អឺរ៉ុបធំៗ ចំនួន៣ ដូចជា ហោ​ស្រព​ភាពយន្ត​ទីក្រុង Venice (វេ​នី​ស) ក្នុងប្រទេស​អ៊ីតាលី និង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង Berlin ក្នុងប្រទេស​អាល្លឺម៉ង់៕

Share.