បច្ចុប្បន្ន​ទីផ្សារ​ប្រដាល់គុនខ្មែរ នៅ​ក្នុង​ប្រទេស​កម្ពុជា បានឈានដល់កម្រិច​ខ្ពស់​​ ដោយ​អ្នក​ប្រដាល់​ល្បីៗឈ្មោះ​មួយ​ចំនួន​មាន​តម្លៃ​ខ្លួន​ដល់​ម៉ឺន​ដុលារ​រាល់​ពេល​ឡើង​សង្វៀន​ម្ដងៗ ដោយ​មាន​ប្រកួត​ខ្លះ​ទៀត​មាន​ដាក់​រថយន្ត សម្រាប់​ផ្ដល់​ជូន​កីឡាករជ័យលាភីផង​ដែរ។ លើស​ពី​នេះ​គុន​ខ្មែរ ក៏​បាន​បង្ហាញឱ្យពិភពលោកក៏​ដូច​ជា​ប្រទេស​​ជិត​ខាង​បាន​ស្គាល់​ពី​ក្បាច់​គុន​ខ្មែរបុរាណ្យ​កាន់​ច្បាស់​ជាង​មុន ពិសេស​នៅ​លើក​ឆាក​អន្តរជាតិ​តាម​រយ:​ការ​ឡើង​ប្រដាល់​របស់​កីឡាករ​លំដាប់ៗ​នៅ​កម្ពុជា។

ជាក់​ស្តែង​មួយ​រយ:​ចុង​ក្រោយ​នេះ​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការ​ទស្សនា​ការ​ប្រដាល់​ដែល​បាន​រៀប​ចំដោយស្ថានីយ៍​ទទូរទស្សន៍​ល្បី និង​បាន​នាំ​យក​កីឡាករ​លំដាប់​អត្តរជាតិ​មក​ប្រកួត​ផង​ដែរ។ លើស​ពី​នេះ​ម្ចាស់​ឧបត្តម​កម្មវិធី​ក៏​បាន​ទាញ​ផលប្រយោជន៍ពី​ការ​ដាក់ Sponsor ផលិតផល​របស់ខ្លួន​តាម​រយ:​ដាក់​ប្រាក់​រង្វាន់​រាប់លានរៀប ឡាន ម៉ូតូ ដើម្បី​ឱ្យ​កីឡាករ​វាយ​ដណ្ដើមយក។

ដោយ​កន្លង​មក​អ្នក​លេង​គុន​ខ្មែរ ពេជ្រ សម្បត្តិ បានក្លាយជាម្ចាស់រថយន្តពីកម្មវិធីគុនខ្មែរអលស្តារ បន្ទាប់​ពី​ទទួល​បាន​សំឡេងគាំទ្រច្រើនជាងគេក្នុងចំណោមកីឡាករគុនខ្មែរ​ចំនួន ៣នាក់​ផ្សេងទៀត ដែល​ជាបេក្ខ ភាពដណ្តើមរថយន្ត កាល​ពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

មុន​នឹងក្លាយ​ជាម្ចាស់​រថយន្ត​ពី​កម្ម​វិធី បេក្ខភាពទាំង៤រូបត្រូវឈ្នះដៃគូជាដាច់ខាត​ក្នុងនោះរួមមាន៖ ម៉ានូ សិល្បៈផ្តួល ឆាត​សាម័យយឹម (ឡាវ) ត្រឹមទឹកទី២, ពេជ្រ សម្បត្តិ ឈ្នះ Saw Kolo(ភូមា) ត្រឹមទឹក២, អេលីត សាន់ ឈ្នះ Zaw Aye See(ភូមា) ខណៈ រឿង សោភ័ណ្ឌ ផ្តួល Omar El Ouers (ម៉ារ៉ុក) ត្រឹមទឹកទី១។ យ៉ាងណា អ្នក​គាំទ្រ​ប្រដាល់​ក្បាច់គុនបុរាណខ្មែរ បានបោះឆ្នោតឱ្យពេជ្រ សម្បត្តិ ឈ្នះ​រថយន្ត​នៅ​ក្នុងកម្មវិធីដ៏ធំនេះ។

ងាក​មក​ជើង​ខ្លាំង​គុន​ខ្មែរ ឃឹម​ បូរ៉ា​ ឈ្នះឡាន១គ្រឿង ក្រោយផ្តួលគូប្រកួត អេលីត សាន់ ត្រឹមទឹកទី១ ពី​​ព្រឹត្តិការណ៍​ប្រដាល់​ប៊ូសស្ត្រង​ឲ្យរថយន្ត នាយប់ថ្ងៃទី១១ តុលា ​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។ មុន​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ ​កីឡាករ​កម្ពុជា​៤រូប​ អេលីត​ សាន់​ ឈិត​ សេរីវណ្ណថង​ ឃឹម​ បូរ៉ា​ និង​ ទូច​ ដេវីត ត្រូវ​ប្រកួត​ជា​មួយ​បរទេស​នៅ​វគ្គ​ទី១​ រៀង​ៗ​ខ្លួនក្រោយ​ពេល​ឈ្នះ ​គឺ​ត្រូវ​រង់ចាំ​​សារ​ច្រើន​ជាង​គេ​លេខ​១​ និង​លេខ២​ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ជា​មួយ​គ្នា​នៅ​វគ្គ​ទី២​នេះ ​អ្នក​ឈ្នះ​បាន​ឡាន​១គ្រឿង​ភ្លាម។

កាន់​តែ​ចាប់​អារម្មណ៍​ទៀត​នោះ កីឡាករវ័យ ២០ឆ្នាំ អេ អាំម៉ារីន ទទួល​បាន​រង្វាន់​រថយន្ត Pick-Up ថ្មី​សន្លាង ១គ្រឿងពី Ganzberg កាល​ពី​ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លង​ទៅ លើសង្វៀន ក្នុង​ទឹក​ដី​នៃប្រទេស​អូស្រ្តាលី។ កូន​ប្រុស​វីរបុរស​គុន​ខ្មែរ អេ ភូថង រូប​នេះ បាន​វាយ​ឈ្នះ​ដៃគូ​កីឡាករ Clinton Coke ជនជាតិ​អូស្រ្តាលី ដោយ​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​ក្នុង​ទឹក​ទី៤។ ជ័យ​ជម្នះ​នេះ​កីឡាករ អេ អាំម៉ារីន ទទួល​បាន​ខ្សែក្រវ៉ាត់​គុន​ខ្មែរ​ពិភព​លោក​ទម្ងន់​៦៦គីឡូ​ក្រាម និង​ទទួល​បាន​រង្វាន់​រថយន្ត​ថ្មី ១គ្រឿង។

ដូច​គ្នា​នេះ​ដែរកីឡាករ​ជើង​ខ្លាំង​មាន​រហស្សនាម«អ្នក​លេង​ពូថៅដៃ» ធឿន ធារ៉ា ដណ្ដើម​យក​ជ័យ​ជម្នះ​ចំនួន​ ៣លើកជាប់​ៗ​គ្នា ពី​ការ​ប្រកួត​គុន​ខ្មែរ Kun Khmer World Cup 2023 នាយប់​ថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២៣ នឹង​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់ក្នុង​ប្រភេទ​ទម្ងន់ ៧២គីឡូក្រាម និង​ទទួល​បាន​កាដូយក្ស គឺ​រង្វាន់​ឡាន Pick-Up ថ្មី​សន្លាង​១គ្រឿង​ទៀត​ពី​ម្ចាស់​ឧបត្ថម្ភធំ។

ជ័យ​ជម្នះ​នេះ ធឿន ធារ៉ា ធ្វើ​បាន​ក្រោយ​ប្រកួត​ជម្រុះ​តាម​បែប​ម៉ារ៉ាតុង យក​ឈ្នះ​អ្នក​ប្រដាល់​អ៊ុយក្រែន White Shark ដោយ​ពិន្ទុ និង​បន្ត​យក​ឈ្នះ​កីឡាកររបស់​សាធារណរដ្ឋឆែក Michael ដោយ​សន្លប់​នៅ​ទឺក​ទី១ ខណ:ប្រកួត​ទី៣ យក​ឈ្នះ​កីឡាករ​ប្រេស៊ីល Machaado Bento ដោយ​សន្លប់​នៅ​ទឹក​ទី១។

ខណ:កាល​ពីពេល​ថ្មីៗនេះ ​នារាត្រី​ថ្ងៃទី១៤ ធ្នូ កីឡាករ​គុន​ខ្មែរ លន បញ្ញា គឺ​ជា​អ្នក​ប្រដាល់​ទី ៥ ដែល​បាន​ក្លាយ​ជា​ម្ចាស់​រថយន្ត​ខ្លាញ់​គោ​ថ្មី​មួយ​គ្រឿងម៉ាក Mazda Seden ពីប៊ូសស្រ្តង បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ មឿន សុខហ៊ុច ក្រោយ​មាន​សម្លេង​​ឆ្នោត​គាំទ្រ​ឲ្យ​ឡើង​ទៅ​ប្រកួត​វគ្គ​ដណ្ដើម ក្នុង​ចំណោម​កីឡាករ​គុន​ខ្មែរ ៤រូប​មាន ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ, ជើងរន្ទះដងទន្លេសាប មឿន សុខហ៊ុច, នាគកំណាចខេត្តកោះកុង យ៉េន ឌីណា និង​អ្នក​លេង​គុន​ខ្មែរ លន បញ្ញា ។

សូមរំលឹក​ដែរ​ថា ក្រៅ​ពី​អ្នក​ប្រដាល់ ៥រូប​ខាង​លើក​ក៏​នៅ​មាន​អ្នកប្រដាល់​ម្នាក់​ទៀតក៏​ធ្លាប់​ទទួល​បាន​រង្វាន់​រថយន្ត ១គ្រឿង​ផង​ដែរ គឺ​ជាង​កាត់​សក់​ដៃឯក ព្រុំ សំណាង ប៉ុន្តែ​កាល​នោះ​មិន​មែន​ឈ្នះ​ដោយ​ប្រើ​ក្បាច់​គុន​ប្រដាល់​គុន​ខ្មែរ​លើ​សង្វៀន​ តែ​ជា​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បីស្ត្រី​ពិភពលោក Boostrong Poer to Women Festival ដែល​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ចំនួន ៥០០គូ។ ជាលទ្ធផល ជើង​ឯក​បាន​ទៅ​លើក​លោក យិន សំអុល អាច​បី​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ សួន កល្យាណី រហូត​ដល់​៨:១៧ ម៉ោង ហើយ ព្រុំ សំណាង បាន​ត្រឹម​លេខ២ប៉ុណ្ណោះ។ ប៉ុន្តែខាង​អ្នក​រៀប​ចំ​កម្មវិធី​បាន​សម្រេច​ប្តូរ​រង្វាន់​ពី​ម៉ូតូ X-Ride Adventure ទៅ​ជា​រថយន្ត​ម៉ាក Mazda Seden ដែល​មាន​តម្លៃ​ប្រមាណ​ជា ៣ម៉ឺនដុល្លារ អោយ​ ព្រុំ​ សំណាង ដូច​អ្នក​ឈ្នះ​ជើង​ឯក​ដែរ៕

ចុះ​ប្រិយមិត្តវិញ យល់​យ៉ាង​ណា​ចំពោះ​ការ​ដាក់​រង្វាន់​ជា ឡាន ម៉ូតូ ដើម្បី​ងោយ​អ្នក​ប្រដាល់​ដែល​ឈ្នះ​ទទួល​បាន?​

Share.