សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ (KIF) គ្រោងនឹងបង្កើតឲ្យមាន Brand ដែលជាឈ្មោះ ឬយី​ហោ​ផ្លូវការមួយ ដើម្បីជំរុញការផ្សព្វផ្សាយ លើកកម្ពស់ និងទាញការចាប់អារម្មណ៍ទូទាំងពិភពលោក ចំពោះ “គុនខ្មែរ” ដែលជាក្បាច់គុនបន្សល់ទុកដោយបុព្វបុរសខ្មែរ ដូចបណ្ដា Brand ព្រឹត្តិការណ៍​កីឡា​ធំៗលើពិភពលោកដែរ ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ KIF ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ កាលពីថ្មីៗ ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ខាងលើ មាន​ប្រសាសន៍​ថា ភារកិច្ចរបស់ KIF និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺរួមគ្នាជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ ដើម្បីការអភិវឌ្ឍន៍ និងអភិរក្សក្បាច់គុនបុរាណខ្មែរ ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ ហើយ​ដើម្បី​ធានា​បាន​នូវប្រសិទ្ធភាពការងារនេះ ត្រូវការជំរុញការរៀបចំនូវគុនខ្មែរអប់រំ ឬ Kun Khmer Education ផង និងគុនខ្មែរលក្ខណៈអាជីព ឬ Professional Kun Khmer ផង។

ឯកឧត្តមពន្យល់ថា «ការប្រកួតគុនខ្មែរ ជាលក្ខណៈកីឡា បានន័យថា ត្រូវប្រកួត​ក្នុង​បទ​បញ្ជា​មួយ​ច្បាស់​លាស់ ដែលការពារមិនឲ្យកីឡាករមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គេហៅថា ការរៀប​ចំនូវ​ការ​អប់​រំគុន​ខ្មែរ ឬ Kun Khmer Education ដែលត្រូវរៀបចំឲ្យមានការទទួលយកបានពីក្មេងជំនាន់ក្រោយ ពីអ្នក​ចង់​ស្រលាញ់​នូវការហ្វឹកហាត់ ដើម្បីបង្កើននូវសុខភាព រាង្គកាយមាំមួន បង្កើត​នូវ​គុណ​ភាព​ជីវិត​របស់​ពួកគាត់ មិនមែនហាត់គុនខ្មែរ ដើម្បីវៃគ្នា ឬអ្វីទេ គឺដើម្បីអប់រំខ្លួនគាត់ឲ្យរឹងមាំ និង​ពូកែ​តែ​ប៉ុណ្ណឹង ។ នេះគឺជាអ្វីដែលយើងបានខិតខំប្រឹងប្រែងយកគុនខ្មែរ ឲ្យទៅជា “គុនខ្មែរអប់រំ” ។

ឯកឧត្តម បន្ថែមថា «មួយទៀត ដើម្បីឲ្យផុសផុលរីកចម្រើន និងមាន​សន្ទុះ​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​ជាតិ និងអន្ដរជាតិ យើងធ្វើការរៀបចំឲ្យមាន គុនខ្មែរអាជីព ឬ Professional Kun Khmer ច្បាស់​លាស់។ អ៊ីចឹងគុនខ្មែរ ទៅជាអាជីពផ្លូវការមួយ ដែលមានលក្ខណៈទូលំទូលាយ និង​មាន​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ មានរបៀបរបបត្រឹមត្រូវ យើងធ្វើគុនខ្មែរមួយ ហើយធ្វើ Brand មួយ ធ្វើឈ្មោះ ឬយី​ហោមួយ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោក ដែលគេតែងតែធ្វើ Brand របស់គេ ដូច​ជា ONE FC ឬ UFC ជាដើម»។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «យើងនឹងត្រៀមក្នុងការបង្កើតដែរ(Brand) ដូចជា KKFC ឬ Kun Khmer Fight ជាដើម ដែលយើងគ្រោងជ្រើសរើសក្នុងពេលឆាប់ៗ ហើយសមាជិក KIF ក៏បាន​គាំទ្រ​ការ​បង្កើត Brand ដើម្បីជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់គុណតម្លៃរបស់គុនខ្មែរនេះផងដែរ» ។

បើតាមការបង្ហើបរបស់មន្ដ្រីកីឡាជាន់ខ្ពស់របស់កម្ពុជាដដែល បន្ទាប់ពីការកំណត់ Brand ផ្លូវការ​រួច​រាល់ សហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ អាចនឹងប្រើប្រាស់ Brand នេះ នៅ​ក្នុងការ​ប្រកួត​គុន​ខ្មែរ​អន្ដរ​ជាតិ​ជ្រើសរើសជើងឯកពិភពលោក លើកទី៥ ចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ នៅ​ទឹក​ដីអង្គរ ខេត្តសៀមរាប៕

ប្រភព៖ NOCC

Share.