សិល្បៈជាតិ៖ លោក ម៉ូ​ន ពេជ្រ គឺជា​យុវជន​គំរូ ដែល​ឪពុកម្ដាយ​គ្រប់រូប​ប្រាថ្នា​ចង់ឱ្យកូនៗរបស់ខ្លួន​យកតម្រាប់​តាម ព្រោះ​យុវជន​ដែល​កើត​ក្នុង​ត្រកូល​កសិករ​រូបនេះ បាន​ប្រឹងប្រែង​រៀនសូត្រ​រហូត​ជាប់​អាហារូបករណ៍​និង​បានបញ្ចប់​ការសិក្សា​សាលា​បណ្ឌិត​យោធា​អាមេរិក​ដោយ​ជោគជ័យ។

ត្បិត​រស់នៅ​លើទឹក​ដី​ស៊ី​វិ​ល័យ​ក្ដី តែ ម៉ូ​ន ពេជ្រ មិនដែល​វង្វេងវង្វាន់ ហើយ​ភ្លេច​ថា​ដើមកំណើត​ខ្លួន​គឺជា​ជនជាតិខ្មែរ​នោះឡើយ លោក​តែងតែ​ឆ្លៀត​ចំណាយ​ពេលវេលា​ដ៏​សែន​មមាញឹក​មក​ចែករំលែក​នូវ​ទស្សនៈល្អៗ ដែល​សុទ្ធសឹង​ជា​គតិ​អប់រំ ដាស់តឿន​ស្មារតី​យុវជន​ជំនាន់​ក្រោយ កុំឱ្យ​ភ្លើតភ្លើន​ភ្លេចខ្លួន រហូត​អាច​នឹង​បាត់បង់​ឱកាស​និង​អនាគត។

ថ្មីៗនេះ​សំណេរ​ខ្លី​មួយ​របស់លោក វា​ហាក់ដូចជា​លោក​កំពុង​ទះកំផ្លៀង​យុវជន​មួយចំនួន​ដែល​ចូលចិត្ត​ស្រែក​ក្ដែងៗថា​ខ្លួន​ស្នេហា​ជាតិ ចង់​ចូលរួម​ជួយ​ជាតិ តែ​បែរជា​មិន​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ស្វះ​ស្វែងរក​ចំណេះវិជ្ជា​ដាក់ខ្លួន​ទៅវិញ។ តើ​ឱ្យជួយ​ជាតិ​ដោយ​របៀប​ណា​កើត បើ​ត្រឹម​ខ្លួនឯង​ជួយ​មិន​ទាំង​បាន​ផង​នោះ! លោក ម៉ូ​ន ពេជ្រ បាន​លើកឡើងថា​ដូច្នេះ៖ «ជូន​ចំពោះប្អូនៗជាទី​រាប់អាន៖ប្រសិនបើប្អូនៗ ចង់​ជួយ​ជាតិ រឿង​ដំបូង​ដែល​ប្អូន​ត្រូវធ្វើ​នោះ​គឺ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ។ បន្ទាប់មកទៀត ពេល​ប្អូន​មានចំណេះ នោះ​ប្អូន​នឹង​ដឹងថា អ្វីដែល​ប្អូន​គួរ​ធ្វើជា​បន្ត។ #ចំណេះដឹង​ផ្ដល់​ឲ្យ​យើង​នូវ​ឯករាជ្យភាព​ក្នុង​ការគិត»។

ពាក្យពេចន៍​ខ្លី​តែ​បង្កប់​ដោយសារ​អប់រំ និង​ក្រើនរំលឹក​ដល់​យុវជន​ជំនាន់​ក្រោយ​របស់លោក​នេះ​ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម កោតសរសើរ និង យល់ស្រប​យ៉ាង​ពេញទំហឹង។ ត្រយង​សូម​លើកយក​ខ្លឹមសារ​មួយចំនួន​មក​ជម្រាបជូន​ដូច​ខាងក្រោម៖

«ពិតជា​ត្រឹមត្រូវ​ណាស់​បង មានតែ​ឆន្ទៈ​ស្នេហា​ជាតិ​តែ​មិនមាន​ចំណេះដឹង​ក៏​យើង​មិនអាច​ជួយ​ជាតិ​បានល្អ​ដែរ»
«ខ្ញុំ​ពិតជា​គោរព និង ស​សើ​រ​ដោយស្មោះ ចំពោះ​មនសិកា​ស្នេហា​ជាតិរ​បស់បង 🙏»
«ត្រឹ​ត្រូវ​ហើយ មានចំណេះដឹង មានការ​ត្រិះ​រិ​ពិចារណា​បាន​ត្រឹម​ត្រឹ​វ គ្មាន​អ្នកណា​មក​ពង្វក់​យើង​បានទេ ❤️✅»
«មាតុភូមិ​យើង​ឈឺ​ហើយ បើ​មិន​ខំ​ព្យាបាល​ទេ​យ៉ាប់»។

សូម​ជម្រាបជូន​ថា លោក ពេជ្រ ម៉ូ​ន ឬ ពេជ្រ ចន្ទ្រា​គឺជា​កូនកំព្រា​រស់នៅ​ជាមួយ​ជីដូន នៅ​ខេត្តកំពង់ឆ្នាំង។ លោក​គឺជា​អតីត​និស្សិត​អាហារ​រូបករណ៍​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​និង​ជា​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាលា​ពេទ្យ​ផងដែរ។ លោក ម៉ូ​ន ពេជ្រ គឺជា​យុវជន​ខ្មែរ ស្ថិតក្នុង​គ្រួសារ​ក្រីក្រ​ម្នាក់​ដែល​បានបញ្ចប់​ការសិក្សា​បណ្ឌិតសភាយោធា​កងទ័ពជើងទឹក នៅ​សហរដ្ឋអាមេរិក៕

Share.