សិល្បៈអន្តរជាតិ៖ បន្ទាប់ពី​តស៊ូ​យ៉ាង​ស្វិតស្វាញ​ជា​យូរ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​ថា​មិនមាន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា​ប្រើប្រាស់​ថ្នាំញៀន ទីបំផុត​សេចក្ដីសម្រេច​របស់​តុលាការ​បានប្រកាស​ហើយ​ថា លោក​មិនមាន​កំហុស​នោះទេ និង​បាន​បិទ​បញ្ចប់​រឿងក្ដី​នេះ​ជា​ស្ថាពរ ខណៈដែល​សាមីខ្លួន​ក៏បាន​ប្រកាស​ចាកចេញ​ពី​ទ្រនំ​ចាស់ YG entertainment ផងដែរ។

G-Dragon បា​ន​រងគ្រោះ​ត្រូវ​សមត្ថកិច្ច​ចោទប្រកាន់​ជា​យូរណាស់​មកហើយ​ទៅលើ​ករណី​ដែលថា សមត្ថកិច្ច​បាន​រកឃើញ​ថា​តារាចម្រៀង​រូបនេះ​មាន​កំហុស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។ រហូត​ទីបំផុត​ម្ចាស់ខ្លួន​បាន​យល់ព្រម​សហ​ការឱ្យ​សមត្ថកិច្ច​ពិនិត្យ​រកសារ​ធាតុ​ញៀន​លើ​រាងកាយ ព្រមទាំង​ចូលខ្លួន​ទៅ​ផ្ដល់​ចម្លើយ​ជាមួយនឹង​សមត្ថកិច្ច​ថែមទៀត​ផង។

ទោះជា​មានការ​អះអាង​ពី​ស្ថាប័ន​កោសល្យ​វិ​ច្ច័​យ​វិទ្យាសាស្ត្រ​បានចេញ​មក​អះអាងថា​មិនមាន​សារធាតុ​ញៀន​នៅក្នុង​រាងកាយ​របស់ G-Dragon តែ​អាជ្ញាធរ​ប៉ូលិស​នៅតែ​មិន​ព្រម​បញ្ឈប់​ហើយ​បន្ត​តាម​ជីក​កកាយ​តាមរក​កំហុស​របស់​តារា​ច​ម្រៀង​ល្បី​ដដែល តែ​ទីបំផុត​ករណី​ចោទប្រកាន់​នេះ​ត្រូវបាន​បិទ​បញ្ចប់​ព្រោះ​ប៉ូលិស​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​ចោទប្រកាន់​លើរូប​លោក។

ក្រោយ​រឿងហេតុ​ត្រូវបាន​លាតត្រដាង បណ្ដា​អ្នកគាំទ្រ​បាន​អំពាវនាវ​ឱ្យ​តារា​រូបនេះ​ដាក់ពាក្យ​ប្ដឹងទៅ​សមត្ថកិច្ច ដែល​បង្ក​ឱ្យ G-Dragon ខាត​ពេលវេលា និង អាស្រូវ​កេរ្តិ៍ឈ្មោះ។

ងាក​មក​កុងត្រា​របស់​តារា​រូបនេះ​ជាមួយនឹង​ទ្រនំ​ចាស់ YG entertainment ក៏បាន​ផុតកំណត់ តែ​មិនមាន​ដំណឹង​បន្ត​កុងត្រា​ពី​ខាង​ផលិតកម្ម ខណៈ​កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក​ផលិតកម្ម Galaxy Corporation ក៏​ជា​អ្នកចាត់ចែង​ធ្វើ​សេចក្ដីប្រកាស​ពី​ភាព​ស្អាតស្អំ​និង​ការបញ្ចប់​ក្ដី​របស់ G-Dragon ធ្វើឱ្យ​ហ្វេនៗជឿថា លោក លែង​ជាតា​រា​នៅ YG ទៀតហើយ។

យ៉ាងណា​គ្រប់យ៉ាង​បាន​លាតត្រដាង​ហើយក៏​ឈប់​មាន​មន្ទិលសង្ស័យ​បន្តទៀត នៅពេលដែល YG Entertainment បានចេញ​សេចក្ដីប្រកាស​ជា​ផ្លូវការ​ថា G-Dragon អតីត​សាម​ជិ​ក Big Bang ដែល​បា​ន​ប្រឡូក​សិល្បៈ​តាំងពី​ឆ្នាំ២០០៦ លែង​ជាតា​រា​កុងត្រា (ជាប់កិច្ចសន្យា) នៅក្នុង​ផលិតកម្ម​ខ្លួន​ជា​បន្ត​ទៀតហើយ៕

Share.