ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវទៅកាន់អ្នកផលិតទំនិញនាំចេញទៅទីផ្សារអន្តរជាតិទាំងអស់ ត្រូវថែរក្សាគុណភាពទំនិញនាំចេញឱ្យបានល្អ ដើម្បីបង្ការការបាត់បង់ទីផ្សារ។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីនេះ ធ្វើឡើងនាឱកាសបិទសន្និបាតក្រសួងពាណិជ្ជកម្មឆ្នាំ២០២៣ និង លើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០២៤ នៅក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

កុងតឺន័រទំនិញនៅកំពង់ផែក្រុងព្រះសីហនុ។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន។

ការថ្លែងជំរុញបន្ថែមនេះ ស្របពេលដែលការនាំចេញទំនិញនិងផលិតផលនានារបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំពាណិជ្ជកម្មគិតត្រឹម១១ខែក្នុងឆ្នាំ២០២៣នេះ បានកើនឡើងរហូតដល់ ៤៣,៥២ពាន់លានដុល្លារអាមេ រិក។ ក្នុងនោះការនាំចេញមាន២១ពាន់លានដុល្លារអាមេរិកកើនឡើង៤.០៨% និងការនាំចូលមាន២២ពាន់លានដុល្លារអាមេរិកថយចុះ២០%បើធៀបនឹងឆ្នាំ២០២១។

សម្រាប់នាយករដ្ឋមន្រ្តីកំណើននេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសមីដែលពាក់ព័ន្ធ ពិសេសក្រសួងពាណិជ្ជកម្មដែលជាតួអង្គស្នូរក្នុងការចរចារកដៃគូពាណិជ្ជកម្មនៅក្រៅប្រទេស។

ផ្អែកតាមរបាយការណ៍ដែលថ្លែងដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនាឱកាសនោះ គឺទំហំពាណិជ្ជកម្មជាមួយប្រទេសនៃកិច្ចព្រមព្រៀងអូសឹបមានទំហំធំជាងគេគឺរហូតដល់ ២៧ ពាន់លានដុល្លារអាមេរិកពោលមានមាន ៦១,៦%នៃទំហំពាណិជ្ជកម្មសរុប។ បន្ទាប់មកទៀតគឺទីផ្សារអឺរ៉ុប អាមេរិក កាណាដា អាស៊ាន ជប៉ុន ចិន កូរ៉េ និងអារ៉ាបរួម៕

Share.