កីឡាករ ជួន ចាន់ចាវ បានរងរបួសខ្លាំងកជើង (ខាងស្តាំ) បន្ទាប់ពីប៉ះទង្គិចគ្នាក្នុងជំនួបដែល ភ្នំពេញក្រោន យកឈ្នះ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន AIA Stadium, KMH Park សប្តាហ៍ទី១៥ នៃលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ កាលពីរាត្រីថ្ងៃទី២៤ ខែធ្នូ។

ក្រោយកើតហេតុក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏បញ្ចូនកីឡាករ ជួន ចាន់ចាវ ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ភ្លាមៗប្រកបដោយជោគជ័យ។ ប៉ុន្តែរូបត្រូវសម្រាក ពីលើទីលានរយ:ពេលវែង នឹងខកខានចូលរួមពានរង្វាន់ធំៗជាច្រើនទាំងនៅក្លិប និងក្នុងជម្រើសជាតិកម្ពុជា។

បច្ចុប្បន្នកីឡាករ ជួន ចាន់ចាវ ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតសាកល្បងសមត្ថភាពអន្តរជាតិ (Closed Door Training Match) ជាមួយក្រុមជម្រើសជាតិកាតា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីដូហា ប្រទេសកាតា។

ជាមួយគ្នានោះផងដែរ កីឡាករ ជួន ចាន់ចាវ នឹងខកខានជួយភ្នំពេញក្រោន ប្រកួតវគ្គ Zonal Semi Final ឬវគ្គ Knockout Stage នៃពានរង្វាន់ AFC Cup រដូវកាល ២០២៣-២៤ ត្រៀមប៉ះក្រុម Central Coast Mariners នៅកីឡដ្ឋាន Industree Group ប្រទេសអូស្រ្តាលី នៅថ្ងៃទី១២ ឬ ១៣ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខនេះ។

ជាពិសេសរូបគេត្រូវអវត្តមានក្នុងពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League និងពានរង្វាន់ Hun Sen Cup ថ្នាក់ជាតិ ឆ្នាំ ២០២៣-២៤៕

Share.