តារា​​ចម្រៀង​​-​តារា​​សម្ដែង​​-​ពិធីករ​និង​​តារា​​ដើរ​​ម៉ូដ​​ដ៏​​ស្រស់​​សោភា​​ដែល​​កំពុង​​តែ​​ឡើង​កូដ​​ទាំង​​ជីវិត​​ការងារ​​ក្នុង​​សិល្បៈ​​ និង​​ជីវិត​​ឯកជន​​ព្រោះ​​មាន​​បុរស​​វ័យ​​ក្មេង​​រូប​​សង្ហា​ ​វង​ ​ជីវ័ន្ត​ ​បើក​​បេះដូង​​សារភាព​​ស្នេហ៍​​បែរ​​ជា​​មក​​ជួប​​ទុក្ខ​​​ព្រោះ​​តែ​​គណនី​​ហ្វេសប៊ុក​​​ក្ដី​ ​ទំព័រ​ហ្វេសប៊ុក​​ក្ដី​​ ​សូម្បី​​តែ​​ឆាណែល​​យូធូប​​​ក៏​​ត្រូវ​​បាន​​ចោរ​​អ៊ិនធឺណិត​​ឬ​ ​Hacker​ ​លួច​​ចោះ​​ចូល​ទិន្នន័យ​​និង​​លួច​​យក​​ទៅ​​គ្រប់គ្រង​​បាន​​សម្រេច​​កាល​​ពី​​រាត្រី​​ទី​​២៤​ ខែ​​ធ្នូ​ ​ឆ្នាំ​​២០២៣​ នា​​វេលា​​ប្រមាណ​​ជា​​ម៉ោង​​១០​​យប់​​​។​ នេះ​​បើ​​តាម​​ការ​​បង្ហោះ​​ចែក​រំលែក​​ពី​​ម្ចាស់​​ខ្លួន​​​ ដែល​បាន​ប្រើ​ប្រាស់​ឈ្មោះ​គណនី​ថា​ Yem Lakena។​

​ក្រោយ​​បាន​​ឃើញ​​ដំណឹង​​នេះ​​អ្នក​​សារ​ព័ត៌មាន​​ត្រយង​​បាន​​​ទំនាក់ទំនង​​ទៅ​​កាន់​​អ្នក​​នាង​​ ទូច​​​ ស្រី​ល័ក្ខ​ ​តាម​​ប្រព័ន្ធ​​សារ​​អេឡិច​ត្រូនិ​ច​​ដើម្បី​​សុំ​​សេចក្ដី​​ស្រាយ​​បំភ្លឺ​​បន្ថែម​​​ទៅ​​លើ​​ករណី​​នេះ​​។​ ​​អ្នក​នាង​​បាន​​ឆ្លើយ​​តប​​ព្រម​​ទាំង​​អំពាវ​នាវ​​​ ​​ឱ្យ​បង​ប្អូន​​សាធារណជន​ ជា​​ពិសេស​គឺ​​អ្នក​​គាំទ្រ​​របស់​​ខ្លួន​​បាន​​ដឹង​​ ​ដើម្បី​​បាន​​ការពារ​​ខ្លួន​​ចៀស​វាង​​ក្លាយ​​ជា​​ជន​រង​គ្រោះ​​​ដោយ​​សារ​​អំពើ​​ល្មើស​​ណា​មួយ​​របស់​​ក្រុម​​ចោរ​​អ៊ិនធឺណិត​​ដែល​​បាន​​លួច​​គ្រប់​គ្រង​​លើ​​ទិន្នន័យ​​ផ្ទាល់​​ខ្លួន​​របស់​​អ្នក​​នាង​​មិន​​ថា​​លើ​​ហ្វេសប៊ុក​​ឬ​​យូធូប​​នោះ​​ឡើយ​។ ​

អ្នក​​នាង​​ក៏​​បាន​​សង្កត់​ធ្ងន់​ដែរ​ថា​​អ្នក​នាង​​កំពុង​​តែ​​រៀបចំ​​ដើម្បី​​ដាក់​ពាក្យ​​ប្ដឹង​​ទៅ​កាន់​​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​ ​ដែល​​ជា​​អាជ្ញាធរ​​មាន​​សមត្ថកិច្ច​​ដើម្បី​​ឱ្យ​​ជួយ​ដោះ​ស្រាយ មួយ​វិញ​ទៀត​អ្នក​នាង​បាន​សម្ដែង​អារម្មណ៍​សោកស្ដាយ​ជា​ពន់ពេក​ដែល​ស្នាដៃ​និង​សមិទ្ធិផល​ជា​ច្រើន​របស់​ខ្លួន​ មិន​ថា​ជា​​បទ​ចម្រៀង​ក្ដី ឬ​ការងារ​មនុស្ស​ធម៌​ផ្សេងៗ​ ត្រូវ​បាន​បាត់បង់​អស់​ត្រឹម​តែ​មួយ​ប៉ព្រិច​ភ្នែក​។

​សូម​​ជម្រាប​​ជូន​​ថា​​ករណី​​ដែល​​អ្នក​នាង​ ​ទូច ស្រីល័ក្ខ​ ​កំពុង​​ជួប​​ប្រទះ​​នេះ​​ ​មិនមែន​​ជា​​ករណី​​ថ្មី​​​នោះ​​ឡើយ​​ព្រោះ​​កន្លង​​មក​​តារា​​ល្បី​ៗ​​របស់​​កម្ពុជា​​ដែល​​មាន​​ទំព័រ​ហ្វេសប៊ុក​​ល្បី​ល្បាញ​​មាន​​ចំនួន​​​ Like ​និង​ ​Followers ​ច្រើន​​ក៏​​ត្រូវ​​បាន​​ក្រុម​​ចោរ​​អ៊ិនធឺណិត​​លួច​​យក​​ទៅ​គ្រប់​គ្រង​​ដូច​​គ្នា​ ​ដោយ​​មាន​​ករណី​​ខ្លះ​​ពួក​គេ​ទាំង​នោះ​​ថែម​​​ទាំង​​​គម្រាម​​ឱ្យ​​ម្ចាស់​​គណនី​ឬ​​ផេក​​បង់​ប្រាក់​​ទៅ​​ពួក​គេ​​ ដើម្បី​​ជា​​ថ្នូរ​​នឹង​​ការ​​ប្រគល់​​គណនី​​ឬ​​ផេក​​ឱ្យ​​ម្ចាស់​​ដើម​​វិញ​​។​ ​

យ៉ាង​ណា​​មិ​ញ​សារព័ត៌មាន​​​ត្រយង​​សូម​​ជូនពរ​​ឱ្យ​​អ្នក​នាង​ ​ទូច​ ​ស្រីល័ក្ខ​​ ​អាច​​ដោះ​ស្រាយ​​និង​​អាច​​យក​​គណនី​​និង​​ផេក​​របស់​​អ្នក​​នាង​​មក​​គ្រប់​គ្រង​​វិញ​​​ដោយ​​ជោគជ័យ​​ផង​​ចុះ​​៕​

Share.