ស្រុកព្រៃនប់៖ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំមន្ត្រីនាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ខ្យល់ព្យុះរដូវរំហើយពីជើងភ្នំកំចាយ ដែលបោកបក់ប៉ះពាល់ភូមិដ្ឋានពលរដ្ឋតាមបណ្តាឃុំមួយចំនួនក្នុងស្រុកព្រៃនប់ ចាប់តាំងពីយប់រំលងអធ្រាត្រថ្ងៃ២២ ខែធ្នូ រហូតមកដល់ថ្ងៃ២៤ធ្នូ២០២៣ ។

យោងតាមមន្ត្រីមូលដ្ឋានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ឃុំចំនួន៣ នៅតាមបណ្តោយផ្លូវជាតិលេខ៣ មានវាលរេញ, ត្រពាំងរពៅ គឺឃុំសាមគ្គី ទឹកល្អក និងឃុំទឹកថ្លាក្នុងស្រុកព្រៃនប់   តែងតែរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ ព្យុះរដូវរំហើយនេះជារៀងរាល់ឆ្នាំ ដែលជាគ្រោះធម្មជាតិក្នុងតំបន់នេះមិនអាចចៀសផុតបានឡើយ ដោយគ្រាន់តែឆ្នាំខ្លះខ្យល់ធ្លាក់ខ្លាំង និងឆ្នាំខ្លះខ្យល់មិនសូវខ្លាំងតែប៉ុណ្ណោះ ហើយឆ្នាំខ្លះពេលខ្យល់ធ្លាក់ខ្លាំង ក៍ប៉ះពាល់ដល់ឃុំនៅតាមផ្លូវជាតិលេខ៤មួយចំនួនទៀតក៍មានដែរ។

ក្នុងឪកាសនោះដែរ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហកមកម្ពុជា ជាមួយការបញ្ជាក់ថា មានប្រជាពលរដ្ឋរបស់យើងជាង ១ ០០០ខ្នងផ្ទះ ក្នុងឃុំចំនួន៥ បានរងផលប៉ះពាល់ខូចខាតផ្ទះសំបែងដោយសារខ្យល់កន្រ្តាក់នេះ ដូចជារបើកដំបូលផ្ទះ របើកជញ្ជាំងផ្ទះជាដើម ក្នុងនោះជំហានដំបូង សាខាកាកបាទក្រហម បាននាំយកអំណោយមនុស្សធម៍ចែកជូនប្រជាពលរដ្ឋចំនួន៤៦៧គ្រួសារជាមុនសិន។ ចំណែកពលរដ្ឋដែលរងផលប៉ះពាល់ដូចគ្នាចំនួន១ ០០០គ្រួសារទៀតនឹងធ្វើការចែកជូនជាបន្តបន្ទាប់នៅចុងខែធ្នូ ឆ្នាំ២០២៣នេះ។

អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់នេះ  ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ មី១កេស កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥ម៉ឺនរៀល។ សូមបញ្ជាក់ផងដែរថាប្រជាពលរដ្ឋដែលរងគ្រោះដែលខ្យល់កន្រ្តាក់មានចំនួនសរុប៤៦៧គ្រួសារ ចំនួន៥ឃុំ រួមមានឃុំទួលទទឹង២គ្រួសារ សំរុង៧៨គ្រួសារ វាលរេញ១៤គ្រួសារ សាមគ្គី២៧៧គ្រួសារ និងទឹកល្អក់៩៦គ្រួសារ៕

អត្ថបទ៖ ព្រះសីហនុ

Share.