កណ្តាល៖ យុវជនម្នាក់ត្រូវក្មេងទំនើងយកដុំថ្មគប់បណ្តាលឱ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០០:២០នាទី ស្ថិតនៅចំណុចក្លោងទ្វារវត្តមុនីបទុម តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ជនរងគ្រោះ មានឈ្មោះ ស្រ៊ិន ដាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

តាមការបំភ្លឺរបស់ឪពុកជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កូនប្រុសរបស់គាត់បានជិះម៉ូតូពីផ្ទះនៅឃុំគគីរធំ ស្រុកកៀនស្វាយ ទៅផឹកកាហ្វេ នៅហាងកាហ្វេ១១១១ នៅឃុំកំពង់ភ្នំ លុះដល់ម៉ោង ២១:២០នាទី កូនរបស់គាត់និងមិត្តភក្តិបានជិះម៉ូតូត្រឡប់ទៅផ្ទះ ពេលមកជិះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្រុមជនមិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែលជា០៤នាក់ បានយកដុំថ្មគប់មកលើកូនប្រុសគាត់បណ្ដាលឱ្យរងរបួសធ្ងន់  បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់​ នៅតែកូនប្រុសគាត់ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ដោយជាប់រវល់មើលកូនទៅមន្ទីរពេទ្យ ទើបព្រឹកនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ទើបរូបគាត់បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ តែម្តងទៅ។  

ក្រោយពីទទួលបានបណ្ដឹងពីឪពុកជនរងគ្រោះហើយ កម្លាំងប៉ុស្តិ៍កំពង់ភ្នំ បានរាយការណ៍មកផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក ដើម្បីបន្តកាស៊ើបអង្កេតស្រាវជ្រាវស្វែងរក ជនដែលបង្ករដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ កណ្តាល

Share.