កណ្តាល៖ ជនសសង្យ័យមួយក្រុមបានធ្វើសកម្មភាព ធាក់យកម៉ូតូជនជាតិចិនដីគោកម្នាក់ បណ្តោលឱ្យដួលរងរបួសធ្ងន់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៥:០៥នាទីព្រឹកនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ ០១នាក់ ឈ្មោះ WANG ZHUAN (វ័ង ជាន់) ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិនដីគោក កាន់ប៉ាស្ព័រលេខEJ3487060 មុខរបរប្រធានផ្នែកគ្រប់គ្រងម៉ាស៊ីន ស្នាក់នៅក្នុងរោងចក្រ លេសសូ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

តាមការបំភ្លឺពីឈ្មោះ អ៊ី វុង ដែលជាកូនចៅរបស់ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង០០:៤០នាទី ជនរងគ្រោះបានខ្ចីម៉ូតូខ្លួនចេញទៅហូបអីនៅខាងក្រៅ ហើយកន្លងមកជនរងគ្រោះតែងតែខ្ចីម៉ូតូរបស់ខ្លួន ក្នុងមួយអាទិត្យ៣ទៅ៤ដងទៅហើយ ពេលដែលជនរងគ្រោះទៅនោះគឺរយៈពេលមួយម៉ោងទៅពីរម៉ោងគាត់ត្រឡប់ចូលរោងចក្រវិញហើយ។ ប៉ុន្តែនៅថ្ងៃកើតហេតុនេះ គឺមិនឃើញជនរងគ្រោះមកវិញឡើយ

លុះនៅម៉ោង០៥:៣០នាទី ទើបឈ្មោះ អ៊ុក ចំរើន ជាសន្តិសុខយាមរោងចក្រ បានចេញពីផ្ទះដើម្បីទៅប្ដូរវេនយាមនៅក្នុងរោងចក្រ លេសសូ ពេលជិះដល់ចំណុចកើតហេតុ ក៏ឃើញមានជនជាតិចិនម្នាក់ជាបុគ្គលិករោងចក្រ លេសសូ បានដួលដេកលើផ្លូវបេតុង និងមានស្នាមឈាមហូរជាច្រើន ក៏រាយការណ៍ទៅមេសន្តិសុខវេនយប់ ក្រោយមកទើបខាងរោងចក្រនាំគ្នាចេញទៅមើលជនរងគ្រោះគឺមិនមានឃើញម៉ូតូនៅជិតជនរងគ្រោះឡើយ ។

ក្រោយមកទើបបានឆែកកាមេរ៉ាសុវត្ថិភាពមើលក៏ឃើញមានសកម្មភាព ជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូម៉ាក Honda Dream C125 ចំនួនពីរគ្រឿង បានធាក់ដៃចង្កូតម៉ូតូជនរងគ្រោះឱ្យដួល បន្ទាប់មកក៏លើកយកម៉ូតូរបស់ជនរងគ្រោះម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1Z-8123 លេខតួនិងលេខម៉ាស៊ីន៩៨៨១៨៧៧ ជិះគេចទៅទិខាងត្បូងបាត់ទៅ ដោយបានបន្សល់ទុកនៅអាវុធកែច្នៃដាវ០១ដើមនៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានក្រុមការងារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ។

បច្ចុប្បន្ន កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍កំពុងស្រាវជ្រាវរកមុខសញ្ញា និងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ កណ្តាល

Share.