ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ពិភពលោកត្រូវតែរៀបចំឱ្យបានត្រឹមត្រូវ សម្រាប់ជំងឺរាតត្បាតនាពេលអនាគតបន្ទាប់ពីបញ្ចប់រយៈពេល ៣ឆ្នាំនៃ «វិបត្តិដ៏ការឈឺចាប់ និងការបាត់បង់ដោយសារជំងឺកូវីដ១៩»។ នេះ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសារចុងឆ្នាំ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ឆ្នាំ២០២៣ បានកត់សម្គាល់ចំណុចរបត់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមផ្នែកសុខភាពសំខាន់ៗ ប៉ុន្តែបាននាំមកនូវ «ទុក្ខវេទនាដ៏ធំធេង និងមិនអាចជៀសរួចបានឮ» ផងដែរ។

លោក Tedros បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសម្រាប់តំបន់ហ្គាហ្សាស្ទ្រីប និងបានជំរុញឱ្យប្រទេសនានាបិទកិច្ចព្រមព្រៀងស្ដីជំងឺរាតត្បាត ដើម្បីបិទចន្លោះដែលបានកើតឡើង អំឡុងជំងឺរាតត្បាតកូវីដ១៩។លោក បានប្រកាសការបញ្ចប់នៃ វិបត្តិកូវីដ១៩ ចេញពីគ្រាអាសន្នសុខភាពសាធារណៈអន្តរជាតិ កាលពីខែឧសភា។

លោក បានរំឮកក្នុងសារវីដេអូមួយថា «នេះគឺជាចំណុចរបត់មួយសម្រាប់ពិភពលោក បន្ទាប់ពីវិបត្តិរយៈពេលបីឆ្នាំ នៃការឈឺចាប់ និងការបាត់បង់សម្រាប់មនុស្សនៅគ្រប់ទីកន្លែង។ ខ្ញុំ​រីករាយ​ដែល​បាន​ឃើញ​ជីវិត​ បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ»។

ប្រធានអង្គការសុខភាពពិភពលោករូបនេះ ក៏បានកត់សម្គាល់ផងដែរថា ផលប៉ះពាល់សុខភាពនៃការប្រែប្រួលអាកាសធាតុ ត្រូវបានបង្ហាញយ៉ាងច្បាស់ នៅ ក្នុងសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) ដែលជាសន្និសីទប្រចាំឆ្នាំចុងក្រោយបង្អស់របស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើងកាលពីប៉ុន្មានសប្តាហ៍មុន។

ទោះជាយ៉ាងណាក៏ដោយឆ្នាំ២០២៣ ក៏ជាឆ្នាំនៃការរងទុក្ខវេទនា និងការគម្រាមកំហែងដល់សុខភាពដ៏ធំធេង និងមិនអាចជៀសរួចដែរ។

សូមជម្រាបថា បន្ទាប់ពីរយៈពេល ១០ខែ អង្គការសុខភាពពិភពលោក (WHO) ក៏បានលុបចោលភាពអាសន្នស្រដៀងគ្នានេះលើមេរោគ mpox (Monkeypox) នៅក្នុងខែឧសភា ឆ្នាំ២០២៣ នេះដែរ ខណៈដែលទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ បានអនុម័តវ៉ាក់សាំងថ្មីសម្រាប់អ្នកជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺរលាកស្រោមខួរ។ ទន្ទឹមនឹងនេះ អាស៊ែបៃហ្សង់ បេលីស និងតាជីគីស្ថាន ត្រូវបានប្រកាសថា គ្មានជំងឺគ្រុនចាញ់នោះទេ៕

ប្រភព៖ CNA

Share.