ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៥:០០នាទីព្រឹក រហូតដល់វេលាម៉ោង ១១:០០នាទីថ្ងៃត្រង់ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរយានជំនិះគ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

តាមរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នឹងមានរៀបចំប្រារព្ធពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ-ឈ្នះ។ ពិធីនឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការរៀបចំពិពណ៌សមិទ្ធផលនិងម្ហូបអាហារខ្មែរ ប្រគំតន្ត្រី និងអុជកាំជ្រួចអបអរសាទរផងដែរ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ន តាមពេលវេលាដូចបានកំណត់ដូចជា ក្នុងអំឡុងការប្រារព្ធពិធីនាព្រឹកថ្ងៃទី២៩ខែធ្នូ មិនអនុញ្ញាតឱ្យយាន្តជំនិះ គ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះ-ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង ៥:០០នាទី រហូតដល់បញ្ចប់កម្មវិធីប្រហែលវេលាម៉ោង១១:០០នាទី។ ក្រោយពេលចប់ពិធី យានជំនិះអាចចរាចរជាប្រក្រតី ដោយមានសមត្ថកិច្ចនៅតាមគោលដៅជួយសម្របសម្រួលចរាចរជូន។

លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់ទីតាំងដែលបានកំណត់រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទ សង្គម​

Share.