ភ្នំពេញ ៖ មន្ត្រីយោធាមួយរូបជិះម៉ូតូចេញពីធ្វើការ វិលឆ្ពោះទៅផ្ទះ ដល់កន្លែងស្ងាត់ ស្រាប់តែលេចមុខក្រុមក្មេងស្ទាវមួយក្រុម ជាង១០នាក់ជិះម៉ូតូចំនួន៧គ្រឿង ចេញមកតាមធាក់ដៃចង្កូតម៉ូតូ បណ្តាលឱ្យដួលរងរបួសធ្ងន់ ហើយក្រុមក្មេងស្ទាវលោតចុះមកបម្រុងលើកម៉ូតូ ស្របពេលដែលមានអ្នកដំណើរឆ្លងកាត់ឃើញ ស្រែកឆោឡោ ធ្វើឱ្យក្រុមក្មេងស្ទាវនាំគ្នាជិះម៉ូតូរត់គេចបាត់អស់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រ ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ បុិច បូរិន ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីយោធា នៅអគ្គបញ្ជាការកងទ័ពជើងគោក មានទីលំនៅផ្ទះលេខA163 ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលជិះម៉ូតូស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1W-4708 ចេញពីកន្លែងធ្វើការ អគ្គបញ្ជាការកងទ័ពជើងគោក គោលបំណងវិលទៅផ្ទះ ដោយជិះតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជាកន្លែងស្ងាត់ ស្រាប់តែលេចមុខក្មេងស្ទាវមួយក្រុម ជិះម៉ូតូច្រើនគ្រឿង មិនដែលស្គាល់ ហើយក៏គ្មានប៉ះពាក្យសម្តីគ្នាអ្វីសោអ តាមមកធាក់ដៃចង្កូតម៉ូតូ ដែលកំពុងជិះមិនដឹងខ្លួន បណ្តាលឱ្យដួលរងរបួស បានអ្នកដំណើរឆ្លងកាត់ឃើញជួយស្រែក ផ្អើលឆោឡោ ធ្វើឱ្យក្រុមក្មេងស្ទាវផ្អើលជិះម៉ូតូរត់គេចទៅខាងត្បូងបាត់អស់ ។

តែបើតាមប្រជាពលរដ្ឋវិញ បានឱ្យដឹងថា ក្រុមក្មេងស្ទាវជាង១០នាក់ ជិះម៉ូតូចំនួន៧គ្រឿង មិនដឹងថា ប៉ុនប៉ងប្លន់ ឬយ៉ាងណានោះទេ គ្រាដែលជនរងគ្រោះកំពុងជិះម៉ូតូសុខៗ ស្រាប់តែតាមធាក់ដៃចង្កូត ដួលរងរបួសហើយ មានបក្ខពួកចុះមកបម្រុងលើកម៉ូតូរបស់ជនរងគ្រោះ តែត្រូវបានអ្នកដំណើរឆ្លងកាត់ឃើញនាំគ្នាស្រែកឆោឡោ ធ្វើឱ្យក្រុមក្មេងស្ទាវជិះម៉ូតូរត់គេចខ្លួន រាយការណ៍ទៅកម្លាំងសមត្ថកិច្ច គោលដៅខាងមុខ ប្រទះឡាង វត្តស្លែង ខណ្ឌដង្កោ ឱ្យជួយស្ទាក់ តែក្រុមក្មេងស្ទាវ ចុះតាមផ្លូវ៤២ ឡើងផ្លូវជាតិលេខ៣ រត់គេចទៅខាងចោមចៅវិញ ដោយសុវត្តិភាព ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅទី៣ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.