ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួនបាន ស្វាគមន៍ចាស់ដៃ ឡើងទន់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពកាច់សោ ក ម៉ូតូ ហុងដាឌ្រីម សេរី២០២៣ បានសម្រេច ហើយព្យាយាមជិះរត់គេច ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅមុខហាងកាត់ ដេរ លក់វាំនន ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជិះរត់គេចបានចម្ងាយជាង២គីឡូម៉ែត្រ ដល់ចំណុច តាមផ្លូវ105K ភូមិចំការឳឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ទើបចាប់បានម្នាក់ រត់គេចបាត់ម្នាក់ ។

ជនសង្ស័យម្នាក់ចាប់ខ្លួនបានមាន ឈ្មោះ ចាន់ សំអូន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ហើយសមត្ថកិច្ចដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញ ដែក សោ សម្រាប់កាច់ ក ម៉ូតូ មួយកំប្លេ ។ ចំណែកជនរងគ្រោះមានឈ្មោះ ផល នាថ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាង កាត់ តម្លើងវាំនន ស្នាក់នៅក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ រីឯម៉ូតូដែលជនសង្ស័យលួចយក ម៉ាកហុងដាឌ្រីម សេរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JV-4247 ត្រូវបានដកហូតមិវិញ ។

បើតាមសម្តីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូចតចាក់សោ នៅខាងមុខហាង កាត់ដេរ លក់វាំនន រវល់ការងារនៅខាងក្នុង ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌ខ្មៅ ម៨នចាំស្លាកលេខ មកដល់ ចុះទៅសកម្មភាពកាច់សោ ក ម៉ូតូ បានសម្រេច ជិះគេចចេញ ឭសម្លេងបញ្ឆេះម៉ូតូ ក្រឡេកឃើញទាន់ ស្រែកចោរ ៗ ផ្អើលបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយដេញតាម បានជាង២គីឡូម៉ែត្រ លើផ្លូវ105K ក្នុងភូមិចំការរឪឡឹក២ ទើបតាមទាន់ យកបានម៉ូតូរបស់ជនរងគ្រោះមកវិញ ពលរដ្ឋស្វាគមន៍ចាស់ដៃ រួចប្រគល់ឱ្យសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀត ជិះម៉ូតូPCX រត់គេចខ្លួនបាត់ស្រមោល ។

ក្រោយចាប់ខ្លួនជនសង្ស័យបានម្នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំខ្លួនទៅចង្អុលចំណុចធ្វើសកម្មភាព រួមនាំយកទៅសាកសួរនៅប៉ុស្តិ៍កាកាបទី២ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.