ការប្រកួតកីឡាអេឡិចត្រូនិក MPL KH Challenger Cup 2024 លើ វិញ្ញាសា Mobile Legends: Bang Bang នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ខណ:​កម្មវិធីនេះ សហព័ន្ធ​កីឡា​អេឡិច​ត្រូ​និក​កម្ពុជា អនុញ្ញាតឲ្យលោក វ៉ាន់ សំបូរ ធ្វើ​ការ​រៀបចំការប្រកួត។

បន្ទាប់​ពី​បាន​បិទ​បញ្ចប់​ការចុះ​ឈ្មោះកាល​ពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានក្រុមចំនួន ៣១២ តែ​មាន​ ២៥៦ក្រុម​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​និងមាន​ Ranking ខ្ពស់ជាង​គេតែ​ប៉ុណ្ណោះ​ដែល​អាច​មាន​សិទ្ធ​​ចូល​រួម​ក្នុង​ការប្រកួត​ប្រជែងនេះ​បាន សម្រាប់ក្រុម​ដែល​ជាប់ នឹង​ប្រកាស​នៅក្នុងពេល​ឆាប់​ៗ​នេះ។

ដោយ​ឡែក​សម្រាប់​ការ​ប្រកួតជម្រុះជុំទី​១ ​ នឹង​ចាប់ពីថ្ងៃទី៤ ខែមករា ដល់ថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ​២០២៤ ដោយ​ធ្វើ​ឡើងនៅទីតាំង​នៅផ្ទះលេខ ១១២៦ ផ្លូវលេខ១៨០០ ភូមិ២១ សង្កាត់​ច្រាំង​ចំនេះ២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុង​នោះ ​សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងចាត់អគ្គលេខាធិការ មន្ត្រីបច្ចេកទេស និង​មន្ត្រី​ចៅ​ក្រម- និងសង្កេតការណ៍លើការរៀបចំការប្រកួតខាងលើ ដើម្បី​ធានា​ឲ្យការ​ប្រកួត​នេះ​ស្រប​តាម​លក្ខ​ន្តិកៈ​របស់សហព័ន្ធ និងស្របតាមច្បាប់រដ្ឋបាលកីឡា៕

Share.