វីរៈបុរស​បាល់ទាត់​ថៃ លោក Therdsak Chaimanបាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្រុម​ណាហ្គាវើល ក្នុង​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 ​អំឡុង​ជើង​ទី២ ក្នុង​នាម​ជា​នាយក​បច្ចេកទេស ជំនួស​លោក Jose Alves BorgesCជនជាតិ​ប្រេស៊ីល។

លោក Therdsak Chaiman ​ធ្លាប់​មាន​កំណត់ត្រា​​ល្អ​ជា​ច្រើន​ប្រចាំ​ប្រទេស​ថៃ ព្រម​ទាំង​បន្ត​កសាង​កេរ្តិ៍​ឈ្មោះ​នៅ​តំបន់​អាស៊ាន និង​កម្រិត​ទ្វីប​អាស៊ី កាល​នៅ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់។ អ្វី​ដែល​ពិសេស​នោះ​លោក អាច​ប្រកប​ជា​កីឡាករ​អាជីព​ទាំង​បាល់ទាត់​ហ្វូតសាល​ផង និង​បាល់ទាត់​លើ​វាល​ស្មៅ​ផង។

កម្ពស់​១.៦៤ម៉ែត្រ បុរស​វ័យ​៥០​ឆ្នាំ​រូប​នេះ​ចាប់​ចុះ​កុងត្រា​ជា​កីឡាករ​អាជីព​ជាមួយ​ក្រុម Royal Thia Navy ពី​ឆ្នាំ​១៩៩៤ ដល់​១៩៩៨ ហើយ​នៅ​រដូវកាល​១៩៩៨-៩៩ បាន​ផ្ទេរ​ទៅ​កាន់​ក្លិប Osotspa។ ចាប់​ពី​ឆ្នាំ​២០០០ ដល់​២០០៣ Therdsak Chaiman បាន​ចូលរួម​ជាមួយ​ក្រុម BEC Tero Sasana ប៉ុន្តែ​នៅ​ឆ្នាំ​២០០២ ក្លិប​ Warriors Football Club របស់​សិង្ហបុរី បាន​ខ្ចី​ទៅ​ចូលរួម​ក្រុម។

អំឡុង​ពេល​រួមរស់​ជាមួយBEC Tero Sasana លោក Therdsak Chaiman ធ្លាប់​ជួយ​ក្រុម​ឈ្នះ​ជើង​ឯក​លីគ​កំពូល​ថៃ ២​សម័យ​កាល ពាន Thai FA Cup ១​សម័យ​កាល និង​ពាន Kor Royal Cup ១​សម័យកាល។ អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​នោះ​លោក​ក៏​ជា​សមាជិក​ដែល​ចារ​កំណត់ត្រា​​ក្លិប​បាល់ទាត់​ថៃ ឈាន​​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Champions League នៅ​រដូវកាល​២០០២-០៣ ទៀត​ផង ក្នុង​គ្រា​លោក​បាន​ឈ្នះ​ពាន​ឯកត្តជន​កីឡាករ​ឆ្នើម (MVP)​។ ពេល​ខ្ចីជើង​ទៅ​ក្រុម Warriors លោក​ក៏​បាន​លើក​ពាន​លីគ​កំពូល​សិង្ហបុរី នៅ​ឆ្នាំ​នោះ​​ផង​ដែរ។

នៅ​​ឆ្នាំ​២០០៤ ក្លិប ​Dong A Bank (Vissai Ninh Bình) បាន​ចរចា​នាំ ​Therdsak Chaiman ទៅ​កាន់​លីគ​កំពូល​​នៃ​ប្រទេស​វៀតណាម ហើយ​នៅ​នៅ​ឆ្នាំ​២០០៥ ដល់​២០០៩ លោក​បាន​ត្រឡប់​ទៅ​ទឹកដី​សិង្ហបុរី ម្តង​ទៀត​ដោយ​បន្ត​ចូលរួម​ក្រុម Warriors FC ព្រម​ទាំង​​​ឈ្នះ​ជើង​ឯក​លីគ​កំពូល​សិង្ហបុរី ៤​សម័យកាល​ជាប់ៗគ្នា។ នៅ​ឆ្នាំ​២០១០ លោក​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​ចូលរួម​ជាមួយ​ក្លិប Chonburi និង​បញ្ចប់​អាជីព​នៅ​ឆ្នាំ​២០១៧ ព្រម​ទាំង​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​ថៃ នៅ​ឆ្នាំ​២០១០ និង​ឈ្នះ​ពាន Kor Royal Cup នៅ​ឆ្នាំ​២០១១ និង​២០១២។

ពី​​ឆ្នាំ​១៩៩៤ ដល់​២០១០ លោក​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​​បាល់ទាត់​ថៃ ព្រម​ទាំង​ធ្លាប់​បាន​ជួយ​ក្រុម​លើក​ពាន​កម្រិត​តំបន់​អាស៊ាន AFF Tiger Cup (AFF Mitsubishi Electric Cup ) នៅ​ឆ្នាំ​២០០០ និង​២០០២ ហើយ​នៅ​ឆ្នាំ​២០០២ លោក​បាន​ឈ្នះ​ពាន​ឯកត្តជន​កីឡាករ​ឆ្នើម (MVP)​នៅ Tiger Cup ទៀត​ផង។

ចន្លោះ​​ពី​ឆ្នាំ​១៩៩៩ ដល់​២០០៥ លោក​ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​ថៃ ព្រម​ទាំង​ធ្លាប់​ឈ្នះ​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់​ហ្វូតសាល​ទ្វីប​អាស៊ី AFC Futsal Championship នៅ​ឆ្នាំ​២០០០ ផង​ដែរ ស្រប​ពេល​នៅ​ឆ្នាំ​នោះ​ក្រុម​ជម្រើស​ជាតិ​ថៃ ឈ្នះ​មេដាយ​សំរឹទ្ធ ក្រោយ​យក​ឈ្នះ​ជើង​ជប៉ុន ៨ទល់៦។

ក្រោយ​ចូល​និវត្តន៍​នៅ​ក្លិប Chonburi លោក ​Therdsak Chaiman ត្រូវ​បាន​ក្លិប​តែងតាំង​អោយ​ធ្វើ​ជា​គ្រូ​ជំនួយ​និង​គ្រូ​បង្គោល​ផង​ដែរ​ចន្លោះ​ឆ្នាំ​២០១៥ ដល់​២០១៨ ហើយ​ឆ្នាំ​២០១៩ លោក​ទៅ​ដឹកនាំ​ក្រុម Phuket City ឆ្នាំ​២០២០ លោក​ចូលរួម​ជាមួយ​ក្រុម Port ក្នុង​នាម​ជា​គ្រូ​ជំនួយ ហើយ​ឆ្នាំជាមួយ​គ្នា​លោក​បាន​ទៅ​ដឹកនាំ​ក្រុម Uthai Thani ដកើ​ឆហបាណ​២០២២ ខណៈ​នៅ​ឆ្នាំ​២០២២-២៣ លោក​ដឹកនាំ​ក្រុម Pattaya Dolphins United និង​ឆ្នាំ​២០២៣ ដឹកនាំ​ក្រុម Rayong មុន​បន្ត​ដំណើរ​មក​កាន់​ណាហ្គាវើល នៅ​​លីគ​កំពូល​កម្ពុជា៕

Share.