សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាព យុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី៩ ឆ្នាំ២០២៤ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី១៤ ខែមករា ដល់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាព យុវជនអន្តរក្រសួង-ស្ថាប័ន” ធ្វើ​ឡើង​ក្នុង​គោល​បំ​ណង​លើក​កម្ពស់​ស្មារតី​សាមគ្គីភាព មិត្តភាព ពង្រឹង និង ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​រវាង​យុវជន​តាមក្រសួង-ស្ថាប័នរដ្ឋ ដែលនឹងប្រព្រឹត្តនៅ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) រាជធានីភ្នំពេញ។

រំលឹកថា ព្រឹត្តិការណ៍នេះទទួលបានភាពទាក់ទាញ និងការគាំទ្របានកាន់តែខ្លាំងឡើងៗពីមួយរដូវ កាល ទៅមួយរដូវកាល ដោយមានក្រុមចូលរួមបានកើនឡើងរហូតដល់៣០ នៅឆ្នាំ២០២២ និងមានកីឡាកចូលរួមមានសរុបជាង ៧០០នាក់ មានក្រុមហ៊ុនចូលរួមស្ម័គ្រចិត្តចូលឧបត្ថម្ភ គាំទ្រក៏កាន់តែកើនឡើងរហូតដល់១០។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៨ ឆ្នាំ​២០២២ ក្រុមក្រសួងសាធារណៈការ និង​ដឹក​ជញ្ជូន បាន​ក្លាយជាម្ចាស់ជើងឯក បន្ទាប់​ពី​យក​ឈ្នះ​ក្រុមក្រសួងសុខាភិបាល ៤-៣ នៅវគ្គផ្តាច់ព្រ័ត្រ និងគ្រាដែល​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនិតិ​សម្បទា ទទួលបានចំណាត់ថ្នាក់លេខ៣៕

Share.