សិល្បៈ​ជាតិ​៖ ​កាល​ពីពេល​ថ្មីៗ​នេះ​ ក្រសួងវប្បធម៌​ និង​ វិចិត្រសិល្បៈ បាន​ចេញ​សារ​ប្រកាស​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​​របស់​ខ្លួន​ថា​ ក្រុម​ការងារ​ជួសជុល​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ការដ្ឋាន​ប្រាសាទ​តាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំនៅក្នុងការដ្ឋានដែលកំពុងតែជួសជុល។ ចម្លាក់​ថ្ម​បុរាណ​ដែល​ប្រទះ​ឃើញ​នោះ​ត្រូវ​បាន​បុរាណ​វិទូ​ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ជា​រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។

យ៉ាង​ណា​មិញ​ ដំណឹង​ដែល​ជា​ក្ដី​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​​ដែល​បាន​បង្ហោះ​ចេញ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ កន្លង​ទៅ​ ​ត្រូវ​បាន​បណ្ដា​សារ​ព័ត៌មាន​បរទេស​មាន​ការ​ចាប់​អារម្មណ៍​ និង​បាន​លើក​យក​រឿង​នេះ​ទៅ​ចុះ​ផ្សាយ​ជា​ភាសា​របស់​ខ្លួន​ ដូច​ជា​សារព័ត៌មាន​ថៃ និង​សារព័ត៌មាន​អាមេរិក​ជា​ដើម​។ សារព័ត៌មាន​អាមេរិក Miami Herald (ម៉ាយអាមី ហឺរ៉ល) បាន​ចេញ​ផ្សាយ​ដោយប្រើប្រាស់​ចំណងជើង​ថា «រូបបដិមាព្រះ​ពុទ្ធ​បុរាណ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្រោ​ម​ប្រាសាទ​ថត​ភាពយន្ត​ហូលីវូដ​ Tomb Raider ​នៅ​កម្ពុជា»​ ខណៈ​ដែល​សារព័ត៌មាន​ថៃ​ ធំ​ៗ​និង​ល្បី​ៗ​​ជា​ច្រើន​ ​ដូច​ជា​ Dailynews ,Thairath,MGR Online, MCOT news និង E-Jan បាន​ប្រើប្រាស់ចំណង​ជើង​ដូចៗ​គ្នា​ថា​៖ «កម្ពុជា​ជីក​រក​ឃើញ​ព្រះពុទ្ធរូប​បុរាណ» នៅ​ពី​​ខាង​ក្រោម​ប្រាសាទ​តាព្រហ្ម​»

គួរ​ដឹង​ថា​ រូបចម្លាក់ទាំងនោះបានកប់នៅក្រោមកំណកដីរបស់ខឿនខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ហើយត្រូវ​បាន​ក្រុមការងារប្រទះឃើញនៅពេលដែលអាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ចាប់ផ្ដើមការងារជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ព័ន្ធខ្លោងទ្វារដែលនៅធ្លាក់​រាយប៉ាយ​ដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​៕

Share.