ធ្មេចបើកៗដាច់ឆ្នាំ២០២៣ឈានចូលថ្មីសកល២០២៤ បើទោះជាមានអ្នកខ្លះមិនទាំងបានត្រៀមខ្លួនឬក៏ធា្លប់លើកឡើងបែបលេងសើចថា មិនចង់ចូលឆ្នាំទេ ព្រោះខ្លាចចាស់ទៅតាមឆ្នាំជាដើម។

ជាការកត់សម្គាល់របស់ស្មេរ បើទោះបីជាឆ្នាំចាស់កន្លងផុតទៅក៏ពិតមែន ក៏មិនមែនមានន័យថា បញ្ហាប្រឈមនានាដែលធ្លាប់កើតមានក្នុងឆ្នាំកន្លងទៅត្រូវបានដោះស្រាយឬមួយក៏របាយសាបសូន្យទៅតាមឆ្នាំនោះទេ។នេះមានន័យថា យើងទាំងអស់នៅលើភពផែនដីនេះ ក្នុងនោះមានទាំងប្រជាជនកម្ពុជាយើងផងដែរត្រូវតែបន្តស្ពាយភារកិច្ច កាតព្វកិច្ចក៏ដូចជាបញ្ហាមួយចំនួនមកជាប់នឹងខ្លួនដើម្បីដោះស្រាយបន្តទៀតនៅក្នុងឆ្នាំថ្មី២០២៤នេះ។

ដោយមិនចាំបាច់គិតទៅដល់បញ្ហាវិបត្តិពិភពលោកធំៗដូចជាឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន សង្គ្រាមនៅតំបន់កាហ្សារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ វិបត្តិចោរសមុទ្រនៅតំបន់សមុទ្រក្រហមនិងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម យើងអាចក្រឡេកមើលត្រឹមតែបញ្ហាដែលនៅជុំវិញខ្លួនយើងនៅកម្ពុជាបច្ចុប្បន្នដូចជាបញ្ហាកង្វក់បរិស្ថាន ការរីករាលដាលនៃគ្រឿងញៀននៅតាមសហគមន៍ ក្មេងទំនើងនិងជាពិសេសគ្រោះថ្នាក់ចរាចរណ៍នោះ ក៏យើងទាំងអស់គ្នាជាពិសេសថ្នាក់ដឹកនាំប្រទេសលោកឈឺក្បាលបាត់ទៅហើយ។

នៅពេលនេះតើយើងអាចនាំគ្នាទម្លាក់ចោលទម្លាប់ចាស់ខ្លះបានទេ ដើម្បីសេចក្តីសុខ វឌ្ឃនភាពនិងជាពិសេសដើម្បីសុវត្ថិភាពទាំងអស់គ្នា? អ្វីដែលស្មេរចង់សង្កត់ធ្ងន់នៅទីនេះគឺឥរិយាបទនៅក្នុងការបើកបរយានយន្តគ្រប់ប្រភេទដែលបង្កគ្រោះថ្នាក់នៅតាមដងផ្លូវនាពេលកន្លងមក។គ្រោះថ្នាក់តាមដងផ្លូវនេះជាមធ្យម មានមនុស្ស ៤ ឬ៥ នាក់ បាត់បង់ជីវិតរៀងរាល់ថ្ងៃ ។ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នោះគឺបណ្តាលមកពីកត្តាចំនួន៤រួមមាន៖ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ការបើកបរល្បឿនលឿន ការមិនគោរពច្បាប់ ចរាចរណ៍ និងការប្រើប្រា ស់ទូរស័ព្ទពេលកំពុងបើកបរ ។ មានការរកឃើញដែរថា កំហុសរបស់មនុស្សរួម ចំណែកនាំឱ្យមានគ្រោះថ្នាក់ប្រមាណ ៩៨ភាគរយ ហើយគ្រោះថ្នាក់១៦ ភាគរយ នាំឱ្យមានការបាត់បង់ជីវិត​ ។

តាមបទពិសោធនៃឆ្នាំចាស់ ស្មេរយល់ថាការផ្លាស់ប្តូរឥរិយាបទក្នុងការបើកបរពិតជានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។សូមចាប់ផ្តើមពីដើមឆ្នាំថ្មីនេះតទៅ ដោយសូមកុំបើកបរនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬបើដឹងថា ខ្លួនស្រវឹងហើយសូមកុំបញ្ជាយានជំនិះ កុំបើកបរក្នុងល្បឿនលឿន កុំប្រើប្រាស់ទូរស័ព្ទដៃពេលកំពុងបើកបរនិងជាពិសេសត្រូវចាប់ផ្តើមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ គោរពច្បាប់ចរាចរណ៍ មានន័យថាគោរពជីវិតខ្លួនឯងនិងអ្នកដទៃ!សូមចូលរួមបើកបរដោយការទទួលខុសត្រូវ!សូមចាប់ផ្តើមធ្វើឲ្យឆ្នាំថ្មី២០២៤នេះ ជាឆ្នាំដែលអត្រាគ្រោះថ្នាក់ចរាចរណ៍នៅសល់ក្នុងកម្រិតទាបបំផុត៕

Share.