សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធ ទី៣ ខែមករា បានអំពាវនាវឱ្យក្រុមឧទ្ទាមហ៊ូទី របស់យេម៉ែន បញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ដោយនិយាយថា «ពួកគេខុសច្បាប់ និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ សេរីភាពនៃការធ្វើនាវាចរណ៍ និងការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។

ថ្លែងទៅកាន់កិច្ចប្រជុំផ្លូវការលើកដំបូងរបស់ក្រុមប្រឹក្សានៃឆ្នាំ២០២៤ សមាជិកក៏បានទាមទារឱ្យក្រុមឧទ្ទាមហ៊ូទី ដោះលែងកប៉ាល់ Galaxy Leader ដែលជាកប៉ាល់ដឹកទំនិញដំណើរការដោយប្រទេសជប៉ុន មាននាវិក និងទំនាក់ទំនងជាមួយក្រុមហ៊ុនអ៊ីស្រាអែល ដែលក្រុមនេះបានរឹបអូសទៅ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅនេះ។

ក្រុមឧទ្ទាមហ៊ូទី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាអ្នកគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បានបង្ហោះយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលលើកប៉ាល់ជាង ២០គ្រឿង ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយនិយាយថា ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ពួកគេកំពុងកំណត់គោលដៅលើនាវាដែលមានទំនាក់ទំនងរបស់អ៊ីស្រាអែល ឬកំពុងធ្វើដំណើរទៅកាន់អ៊ីស្រាអែល។ ប៉ុន្តែនាវាភាគច្រើនមិនមានការទាក់ទងជាមួយអ៊ីស្រាអ៊ែល ឬទៅកំពង់ផែអ៊ីស្រាអែលទេ ហើយខ្សែដឹកជញ្ជូនសំខាន់ៗ បានផ្អាកប្រតិបត្តិការឆ្លងកាត់សមុទ្រក្រហមផងដែរ ដោយសារតែសកម្មភាពរបស់ក្រុមឧទ្ទាមហ៊ូទី។

លោក Chris Lu តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ក្រុម​ប្រឹក្សា​ថា «ការវាយប្រហារទាំងនេះ បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខដែនសមុទ្រ ការដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្ម ហើយក្រុមនេះបានធ្វើឱ្យខូចដល់ស្ថានភាពមនុស្សធម៌ក្នុងប្រទេសយេម៉ែន ដែលគំរាមកំហែងដល់ការផ្តល់ជំនួយដល់ប្រទេសដែលហែកហួរដោយសង្រ្គាម»។

គួររំលឹកថា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតកាលពីខែមុន បានបង្កើតក្រុមបេសកកម្មកងទ័ពជើងទឹកមួយឈ្មោះថា Operation Prosperity Guardian ដើម្បីការពារនាវាស៊ីវិល។

នាវាចម្បាំងអាមេរិក បានបាញ់ទម្លាក់អាវុធដែលបាញ់ដោយក្រុមឧទ្ទាមហ៊ូទី ហើយកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននេះ ទូកលឿនរបស់ក្រុមឧទ្ទាមហ៊ូទី បានលិច។ ប៉ុន្មានម៉ោងមុនពេលក្រុមប្រឹក្សាសន្តិសុខ បានជួបប្រជុំគ្នា សហរដ្ឋអាមេរិក និងប្រទេសចំនួន ១២ផ្សេងទៀត ពួកគេបានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «ក្រុមឧទ្ទាមហ៊ូទី នឹងទទួលខុសត្រូវចំពោះផលវិបាក ប្រសិនបើការវាយប្រហារនៅតែបន្តកើតមាន»។

ក្នុងអំឡុងសម័យប្រជុំ តំណាងសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់ថា បានគាំទ្រការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី ជាការចោទប្រកាន់ដែលក្រុងតេអេរ៉ង់បានបដិសេធ។

យ៉ាងណាម៉ិញ លោក Lu បាននិយាយថា «ក្រុម Houthis នឹងតស៊ូដើម្បីតាមដាន និងវាយប្រហារប្រកបដោយប្រសិទ្ធភាពលើនាវាពាណិជ្ជកម្ម ដោយមិនមានការគាំទ្រពីប្រទេសអ៊ីរ៉ង់»។

ទាក់ទិននឹងបញ្ហានេះ ឯកអគ្គរដ្ឋទូតជប៉ុន លោក Kazuyuki Yamazaki ស្ថិតក្នុងចំណោមអ្នកដែលអំពាវនាវឱ្យក្រុមប្រឹក្សាធ្វើសកម្មភាព ដើម្បីបញ្ឈប់ការវាយប្រហារនេះ បើទោះបីជាលោកមិនបានបញ្ជាក់ពីជំហានដែលគួរចាត់វិធានការក៏ដោយ។ លោកបាននិយាយថា «ប្រទេសជប៉ុន ជឿថា ក្រុមប្រឹក្សាសន្តិសុខគួរតែចាត់វិធានការសមស្របមួយដើម្បីទប់ស្កាត់ការគំរាមកំហែងបន្ថែមដោយក្រុមឧទ្ទាមហ៊ូទី និងរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ»។

ដោយឡែកឯកអគ្គរដ្ឋទូតរុស្ស៊ី របស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បានជំរុញឱ្យមេដឹកនាំហ៊ូទី បន្ធូរបន្ថយរាល់សកម្មភាពដែលគំរាមកំហែងដល់នាវាពាណិជ្ជកម្ម និងនាវិករបស់ពួកគេ។ ប៉ុន្តែលោក Nebenzia បាននិយាយថា ឫសគល់នៃបញ្ហា គឺថា វាគឺជាការអូសបន្លាយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ហើយលោកបានរិះគន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការរារាំងដំណោះស្រាយដែលអំពាវនាវឱ្យមានបទឈប់បាញ់៕

ប្រភព៖ CNA

Share.