ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនក្រុមចោរប្លន់២នាក់ បន្ទាប់ពីក្រុមនេះតែងធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ដ្ររាជធានី និងតាមបណ្តាលខេត្ត្ត​។ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១:១៥នាទី ជនសង្ស័យចំនួន៣នាក់បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់ នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវរហូតឈានដល់កំណត់បានអត្តសញ្ញាណមុខសញ្ញប្រព្រឹត្តខាងលើ និងទីតាំងលាក់របស់ជនសង្ស័យ។

លុះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញយើងបានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ទី១៖ ឈ្មោះ រ៉ង សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅចំណុច ភូមិថ្នលដាច់ ឃុំដានរុណ ស្រុកសូនិគម ខេត្តសៀមរាប។ ទី២៖ ឈ្មោះ ឈិន ភន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក ឃុំស្រយ៉ង ស្រុកគូលេន ខេត្តសៀមរាប និងដកហូតបានវត្ថុតាង ដែលយកមកធ្វេីសកម្មភាពប្រព្រត្តិបទល្មេីសបានមួយចំនួន។

ក្រោយពីបានចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ដោយប្រើប្រាស់កាំបិតភ្ជង់ប្លន់មែន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។និងមួយករណីទៀត នៅទីតាំងភូមិឃុំខាងលើដដែរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្តអនុវត្តនីតិវិធី និងស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.