អ្នក​មេម៉ាយ​កូន​ពីរ​ម្ចាស់​ស្នេហ៍​តារា​សម្ដែង​ល្បី​លោក​ អូន ឧស្សាហ៍ ដែល​បច្ចុប្បន្ន​កំពុង​តែ​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ អ្នក​នាង​ សុទ្ធ បញ្ចកា បាន​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជាមួយ​នឹង​បុរស​ថ្មី​មួយ​រូប​​ ព្រម​ជា​មួយ​នឹង​សំណេរដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​សង្ស័យ​និង​សន្មត​ថា​ពេល​នេះ​អ្នក​នាង​រក​បាន​បុរស​ថ្មី​មក​ស្អំ​បេះដូង​ហើយ​។​

អ្នក​នាង​ សុទ្ធ បញ្ចកា អតីត​គូស្នេហ៍​លោក​ Edwin បាន​បង្ហោះ​រូប​ភាព​ជាមួយ​នឹង​បុរស​ម្នាក់​ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​ ហៀង រតនា មាន​តួនាទី​ជា​វេជ្ជបណ្ឌិត​ ដោយ​ភាសា​អង់គ្លេស​ដែល​មាន​អត្ថន័យ​ហាក់​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​ដ៏​ស៊ី​ជម្រៅ​របស់​ខ្លួន​ជាមួយ​នឹង​​ប្រុស​ស្នេហ៍​ថ្មី​ ដោយ​មាន​អត្ថន័យ​ថា​៖ «Anyway u win my heart ! 💗 Thank for trying to protect , take care and love 💗stop being sad m sure choosing u» ដែល​មាន​ន័យ​ថា​ «បង​បាន​យក​ឈ្នះ​បេះដូង​របស់​អូន​! អរគុណ​ដែល​ព្យាយាម​ការ​ពារ​អូន​ មើល​ថែទាំង​និ​ង​ស្រលាញ់​។ កុំ​កើត​ទុក្ខ​ទៀត​អី​ អូន​ច្បាស់​ណាស់​នឹង​ជ្រើសរើស​យក​បង​»។

សំណេរ​ខ្លី​តែ​មាន​ន័យ​គ្រប់​គ្រាន់​ខាង​លើ​នេះ​ត្រូវ​បាន​សាមី​ខ្លួន​បង្ហោះ​កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ នេះ​ ហើយ​ក្រោយ​ពី​បាន​បង្ហោះ​អម​ជា​មួយ​នឹង​រូប​អង្គុយ​លើ​ភ្លៅ​របស់​ខាង​ប្រុស​ ស្រាប់​តែ​អ្នក​នាង​បាន​ប្ដូរ​រូប​ដែល​បង្ហោះ​អម​នោះ​មក​ជា​រូប​អង្គុយ​​ក្នុង​ឡាន​ជាមួយ​គ្នា​វិញ​។ ការ​លាត​ត្រដាង​ចំណង​ស្នេហ៍​របស់​អ្នក​នាង​ត្រូវ​បាន​មិត្ត​ភក្ដិ​និង​អ្នក​គាំទ្រ​ចូល​មក​អបអរសាទរ​ ហើយ​​ក្នុង​នោះ​ក៏​មាន​អ្នក​ខ្លះ​បាន​សន្មត​ថា​ទំនាក់ទំនង​អ្នក​នាង​នឹង​លោក​អេដវីន​ទំនង​ជា​បញ្ចប់​​ហើយ​។

យ៉ាង​ណា​មិញ​អ្នក​នាង ​សុទ្ធ​ បញ្ចកា ក៏​បាន​បង្ហោះ​សំណេរ​មួយ​ទៀត​ដែរ​ដោយ​ក្នុង​នោះ​អ្នក​នាង​បាន​បញ្ជាក់​ថា​អ្នក​នាង​នឹង​ធ្វើ​ការ​ Live បកស្រាយ​រឿង​នេះ​ឱ្យ​មជ្ឈដ្ឋាន​​មហាជន​បាន​ដឹង​នៅ​ម៉ោង​៧​យប់​នេះ​ ដូច្នេះ​អ្នក​ដែល​ចង់​ដឹង​រ៉ឿង​របស់​អ្នក​នាង​ចូល​ទៅ​តាមដាន​ការ​ Live របស់​អ្នក​នាង​លើ​ហ្វេសប៊ុក​បាន​៕

Telegram-Troryorng

Share.