កាល​ពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ គណៈកម្មាធិការនៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​មិត្តភាព​យុវ​ជន​អន្ដរក្រសួង-ស្ថាប័ន លើកទី៩ បាន​រៀបចំ​សន្និសីទសារព័ត៌មាន ចាប់​ពូល និង​ចុះ​អនុស្សារ​ណៈ​(MOU) ជាមួយក្រុមហ៊ុនដៃគូឧបត្ថម្ភ។

កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​មជ្ឍមណ្ឌលម៉ានី (The Kampus) ក្រោមវត្ដមានលោក ឌី វិជ្ជា អនុប្រ​ធាន​សហ​ភាព​សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការ ឯកឧត្តម សូវ៉ូត សីលា ប្រធាន​គណៈ​កម្មការប្រតិបត្តិរៀបចំការប្រកួត គណៈកម្មាធិការកីឡាបាល់ទាត់ “មិត្តភាព​យុវជន​អន្តរ ក្រសួង~ស្ថាប័ន” តំណាង​ពីសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា(FFC) និង​មាន​កីឡាករ​មក​ពី​គ្រប់​ក្រសួង-ស្ថាប័ន រួមន​ជាមួយក្រុមហ៊ុនចូលរួមស្ម័គ្រចិត្តចូលឧបត្ថម្ភ។​

​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​មិត្តភាព​យុវ​ជន​អន្ដរក្រសួង-ស្ថាប័ន លើកទី៩ ឆ្នាំ២០២៤ មានក្រុមចូលរួមកើនឡើងរហូតដល់ ៣៤ក្រសួង-ស្ថាប័ន ស្មើនឹង ៧២ប្រកួត។ សម្រាប់ពីធីបើកការប្រកួត​គ្រោង នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងបិទបញ្ចប់នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បាន​មាន​ប្រសាសន៍​ថា៖ «កន្លង​មក​គ្រួសារ ស.ស.យ.ក បាន​រៀបចំព្រឹត្តិការណ៍ និង​សកម្មភា​ពសំខាន់ៗ​ដែល​យើង​បាន​ធ្វើ ក្នុងនោះ​មានដូចជា ការបរិច្ចាគឈាម និង​ព្យាបាល​ជម្ងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានការ​ចូល​រួម​ក្នុង​យុទ្ធនាការប្រឆាំងកូវិដ១៩ ពិសេសនោះគឺថ្មីៗនេះ យើងបានរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ការ​ចូល​រួមយ៉ាងសកម្មជា DNA មួយការរៀបចំស៊ីហ្គេមលើកទី៣២ និង អាស៊ាន​ប៉ារ៉ា​ហ្គេមលើកទី១២ និង​កម្មវិធី​ខួប​៤៥ឆ្នាំរបស់ ស.ស.យ.ក អ្វីដែលពិសេសទៀតនោះគឺ យើងបានបង្កើតកម្មវិធី Beyond The Games ជាចលនាគាំទ្រវិស័យកីឡា និងលើសពីកីឡាដ៏ វិសេសវិសាលបំផុត និង​ជាការ​រួប​រួម​គ្នា​លើ​កតម្កើងកិត្យានុភាពជាតិយើង ហើយក្នុងពេលនេះ និង ប៉ុន្មានថ្ងៃខាងមុខទៀតនេះស្ថាប័ន​លើកទី៩ នេះតែម្តង»។

ក្នុងនោះផងដែរ ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការ បាន​គូស​បញ្ជាក់ថា៖ «សម្រាប់​អ្វី​ដែល​ថ្មី​ដែល​គ្រោង​រៀបចំក្នុងឆ្នាំ២០២៤ មាន​ដូច​ជាក្រុម​ចាស់​ដែល​អាក់​ខាន​ក្នុង​ឆ្នាំ​២០២២ (លើកទី៨ នឹង​ចូលរួមវិញក្នុងឆ្នាំ២០២៤(លើកទី៩) សរុប មាន៣៤ក្រសួង-ស្ថាប័ន ក្នុងឆ្នាំ២០២៤នេះ មាន​ទីតាំង​ប្រកួតថ្មីកម្រិតស្ដង់ដា គឺកីឡដ្ឋានខេមរភូមិន្ទ(ស្តាតចាស់) និងវិទ្យាល័យបឹងត្របែក មានការរចនា និងការរៀបចំថ្មីលើការងារ – Artwork ពិសេសរំលេចនូវការបន្តចូលរួមសកម្មភាពគាំទ យុទ្ធនាការ Beyond The Games (បេះដូងលោតក្នុងចង្វាក់តែមួយ) លើសពីការប្រកួត»។

ឯកឧត្តម បាន​បន្ថែន​ទៀតថា លើសពី​នេះ​ក៏​មានរៀបចំដោយបញ្ជូលនូវគុនល្បុក្កតោ និងការ​សម្ដែង​ថ្មីៗ ក្នុងពិធីបើក និងបិទ ​ និងមាន​ការ Live ផ្ទាល់គ្រប់ការប្រកួតទាំងអស់លើ Page កម្ពុជាថ្មី ចំនួន​អ្នកចូលរួមមានចំនួនច្រើនជាងមុន និងទីតាំងអំណោយផលលើការរៀបចំ និងការចូលរួម ទស្សនា មានការកើនឡើងនូវយុវជនស្ម័គ្រចិត្តបន្តចូលរួមក្នុងក្រុមការងារផ្សេងៗ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានក្រុមចូលរួមរហូតដល់ ៣៤ក្រុម ស្មើនឹង ៧២ប្រកួត ។ សម្រាប់​លក្ខ​ខណ្ឌចូលរួម រាល់កីឡាករទាំងអស់ ត្រូវតែជាមន្ដ្រីរាជការ ហើយក្រុមនីមួយៗ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតីកីឡា ទោះបីឈ្នះ ឬចាញ់ គឺជារឿងធម្មតា សំខាន់គឺការរឹតចំណងមិត្តភាព សាមគ្គីភាព និង​បង្កើន​ទំនាក់ទំនងល្អ រវាងគ្នា និងគ្នា រាប់ចាប់ពីមន្ដ្រីរាជការក្នុងការិយាល័យ ឬនាយកដ្ឋាន រហូត​ដល់​ក្រសួង-ស្ថាប័ននីមួយៗ តាមរយៈការប្រមូលផ្ដុំហ្វឹកហាត់ និងការប្រកួតជាដើម ។

ដោយឡែក​សម្រាប់​ក្រុមទាំង ៣៤ក្រសួង-ស្ថាប័ន បែងចែកជា ៨ពូល ដើម្បីធ្វើការប្រកួតជម្រុះ នៅទី លាន​វិទ្យាល័យ​បឹងត្របែក ក្នុងនោះពូលA ដល់ពូលF គឺមាន ៤ក្រុមក្នុងមួយពូល ខណៈពូល G និងពូល H មាន ៥ក្រុម។ បន្ទាប់មកក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ដែលត្រូវធ្វើការប្រកួតនៅកីឡដ្ឋានស្ដាតចាស់។

ខាងក្រោម​នេះ​ជា​ប្រវត្តិក្រុម​ចូល​រួម​ប្រកួត​កន្លង​មក៖

លើកទី១៖ ២០១៣ ក្រុមចូលរួមមានចំនួន ៩
លើកទី២៖ ២០១៤ ក្រុមចូលរួមមានចំនួន ២២
លើកទី៣៖ ២០១៥ ក្រុមចូលរួមមានចំនួន ២៥
លើកទី៤៖ ២០១៦ ក្រុមចូលរួមមានចំនួន ២៩
លើកទី៥៖ ២០១៧ ក្រុមចូលរួមមានចំនួន ៣០
លើកទី៦៖ ២០១៨ ក្រុមចូលរួមមានចំនួន ៣១
លើកទី៧៖ ២០១៩ ក្រុមចូលរួមមានចំនួន ៣១
លើកទី៨៖ ២០២២ ក្រុមចូលរួមមានចំនួន ៣១
លើកទី៩៖ ២០២៤ ក្រុមចូលរួមមានចំនួន ៣៤

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៨ ឆ្នាំ​២០២២ ក្រុមក្រសួងសាធារណៈការ និង​ដឹក​ជញ្ជូន បាន​ក្លាយជាម្ចាស់ជើងឯក បន្ទាប់​ពី​យក​ឈ្នះ​ក្រុមក្រសួងសុខាភិបាល ៤-៣ នៅវគ្គផ្តាច់ព្រ័ត្រ និងគ្រាដែល​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនិតិ​សម្បទា ទទួលបានចំណាត់ថ្នាក់លេខ៣ ខណ:ក្រុម Fair Play គឺយុវជនក្រសួងបរិស្ថាន៕

Share.