កំពង់ធំ៖ កាលពីចុងសប្តាហ៍កន្លងទៅ ប្រជាកសិករជិត២០០នាក់ បាននាំគ្នាមកវត្តខ្សាច់ជីរស់ ដើម្បីធ្វើការបោះឆ្នោតស្រង់មតិ ដែលអាជ្ញាធរស្រុកកំពង់ស្វាយ មានគម្រោងបង្កើតសហគមន៍ប្រើប្រាស់ទឹក ធ្វើស្រែប្រាំង នៅតំបន់ព្រះស្នែង និងតំបន់ព្រះគន្លង ដើម្បីស្រោចស្រពទឹកលើផ្ទៃដីបង្កបង្កើនផលជាច្រើនហិចតានៅដីតំបន់២ និងតំបន់៣។

 តាមប្រជាកសិករបានប្រាប់ឱ្យដឹងថា ពួកគាត់គាំទ្រការបង្កើតសហគមន៍នេះ ព្រោះអីចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ស្រូវដែលខូចខ្លាំង ពួកគាតធ្វើមិនដែលបានផលទេ ដោយសារទឹកមិនដែលបានពេញលេញ ធ្វើឱ្យស្រូវងាប់ ជាហេតុធ្វើឱ្យពួកគាត់ជំពាក់ធនាគារ ។ ដូច្នេះហើយទាមទារឱ្យអាជ្ញាធរបង្កើតសគមន៍ប្រើប្រាស់ទឹកប្រឡាយទាំងពីរ ហើយពួកគាត់បានស្នើសុំឱ្យអាជ្ញាធរខេត្ត និងក្រសួងធនធានទឹកនិងឧតុនិយម ពន្លឿនយកឧបករណ៍មកបំពាក់ឱ្យបានឆាប់រហ័ស ដោយសារពួកគាត់ជាប្រជាពលរដ្ឋរស់នៅទីតាំងនេះពិតប្រាកដ។ ចំណែកឯក្រុមហ៊ុនឈ្មោះ ហង់ សុគន្ធ និងក្រុមហ៊ុន សុខ មុន្នី ដាក់ទឹកមិនដែលគ្រប់គ្រាន់ទេ ធ្វើឲ្យស្រូវរបស់ពួកគាត់ស្វិតស្កកគ្រប់ឆ្នាំ ពួកគាត់ទាំងអស់គ្នាបានជំពាក់លុយធនាគារដោះពុំរួចទេ ដោយសារតែការគ្រប់គ្រងទឹកមិនឱ្យបានដិតដល់។

 លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឱ្យដឹងថា បញ្ហាទាំងអស់នោះវាមានទំនាក់ទំនងគ្នាទៅវិញទៅមក ដែលចាំបាច់ទាមទារឱ្យមានវិធានការពេញលេញ ដើម្បីដោះស្រាយ វិធីសាស្រ្តចំរុះក្នុងការអភិវឌ្ឍស្រោចស្រព ដែរអាចកែលំអយ៉ាងប្រសើរលើការប្រើប្រាស់ធនធានទឹក ធនធានដី និង ធនធានមនុស្ស។

ទាក់ទិនបង្ហានេះដែរ លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានឱ្យដឹងថា ដើម្បីបង្កើនផលិតផលកសិកម្ម រចនាសម្ព័ន្ធធនធានទឹកចាំបាច់។ ធនធានទឹក និងដីអាចត្រូវបានគ្រប់គ្រងដោយ ធនធានមនុស្សមានសមត្ថភាពទាក់ទង នឹងការស្រោចស្រព ដែលជាកត្តាចំបងរួមមាន មន្ត្រីក្រសួង-មន្ទីរធនធានទឹក និងឧតុនិយមខេត្ត/ក្រុង និងកសិករ។ ការថែររក្សាសុវត្ថិភាពស្បៀងអាហារ គឺជាកិច្ចខំប្រឹងយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតបង្កើតសហគមន៍ប្រើប្រាស់ទឹកនៅតំបន់ព្រះស្នែង និងតំបន់ព្រះគន្លង មានសម្លេងគាំទ្រ ចំនួន១៤៤ស្មើ និង ៨៧ភាគរយ សម្លេងមិនគាំទ្រចំនួន២០ ស្មើនិង១២ភាគរយផងដែរ៕

អត្ថបទ៖ កំពង់ធំ

Share.