មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃអាទិត្យ ថា រដ្ឋាភិបាលនៃប្រទេសដីកោះម៉ាល់ឌីវ បានសម្រេចព្យួរតំណែងអនុរដ្ឋមន្ត្រី ៣នាក់ ដោយសារតែការប្រមាថមើលងាយនាយករដ្ឋមន្ត្រីឥណ្ឌា អំឡុងពេលទំនាក់ទំនងជាមួយប្រទេសជិតខាងដ៏មានឥទ្ធិពលមួយនេះធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ The Times Of India នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រូបនេះ បានប្រាប់រ៉យទ័រថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អនុរដ្ឋមន្រ្តី ៣រូបឈ្មោះ Malsha Shareef, Mariyam Shiuna និង Abdulla Mahzoom Majid ដែលបម្រើការនៅក្រសួងកិច្ចការយុវជន ព័ត៌មាន និងសិល្បៈ ត្រូវបានដាក់ពិន័យចំពោះការអត្ថាធិប្បាយរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

អ្នកទាំងបីបានដាក់ឈ្មោះនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ថាជា «រូបត្លុក ភេរវករ និងអាយ៉ងរបស់អ៊ីស្រាអែល» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដើម្បីឆ្លើយតបទៅនឹងវីដេអូដែលលោក Modi ទៅលេងកោះ Lakshadweep របស់ឥណ្ឌា ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក។

អ្នក​ខ្លះ​បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក​ថា​ ជា​ការ​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យចេញ​ពី​ប្រទេស​ម៉ាល់ឌីវ​ ដែលជាតំបន់ទេសចរណ៍ដ៏​ពេញ​និយម​ទូទាំង​ពិភពលោក ដោយមាន​កោះ​ចំនួន ១,១៩២កោះ និងកន្លែងកម្សាន្ដប្រណីតៗនៃមហាសមុទ្រ​ឥណ្ឌា​។

ប្រភពដែលដឹងអំពីបញ្ហានេះបានប្រាប់រ៉យទ័រថា គណៈកម្មការជាន់ខ្ពស់ឥណ្ឌានៅម៉ាល់ឌីវ បានលើកឡើង និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការអត្ថាធិប្បាយបែបនេះ។

សូមជម្រាបថា ភាពចម្រូងចម្រាសនេះ បានកើតឡើងមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៃប្រទេសដីកោះម៉ាល់ឌីវ លោក Mohamed Muizzu ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី ៨-១២ ខែមករា។ លោក Muizzu បានឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន ជាមួយនឹងការសន្យាថា នឹងបញ្ចប់គោលនយោបាយ «ឥណ្ឌាដំបូង» របស់ម៉ាល់ឌីវ នៅក្នុងតំបន់ ដែលទីក្រុងញូវដេលី និងទីក្រុងប៉េកាំង ប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នា។ លោក ក៏បានសន្យាថា នឹងដកបុគ្គលិកយោធាឥណ្ឌាចំនួន ៧៥នាក់ចេញពីប្រទេស ដែលមានប្រជាជនជាងកន្លះលាននាក់នេះផងដែរ៕

ប្រភព៖ The Times Of India

Share.